បេឡារុសដាក់ការតវ៉ាទៅអ៊ុយក្រែនក្រោយមីស៊ីលការពារដែនអាកាសរបស់ក្រុងកៀវធ្លាក់ក្នុងទឹកដីខ្លួន
បេឡារុស៖ បានដាក់ការតវ៉ាទៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី ២៩ ខែធ្នូ បន្ទាប់ពីទីក្រុងមីស្កិ៍បានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលការពារដែនអាកាស S-300 របស់អ៊ុយក្រែននៅក្នុងវាលមួយ ក្នុងអំឡុងពេលនៃការវាយលុកពីលើអាកាសដ៏ធ្ងន់បំផុតរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងខែកុម្ភៈ។ ស្នងការយោធានៃតំបន់ Brest លោក Oleg Konovalov បានបង្ហោះវីដេអូនៃឧបទ្ទវហេតុនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយទីភ្នាក់ងារព័ត៌មានរដ្ឋ BelTA ដោយបានលើកឡើងថា អ្នកស្រុកមិនមានអ្វីត្រូវព្រួយបារម្ភនោះទេ។ ជាអកុសលរឿងទាំងនេះកើតឡើង។ លោកបានប្រៀបធៀបឧបទ្ទវហេតុនេះទៅនឹងឧប្បត្តិហេតុមួយកាលពីខែវិច្ឆិកា នៅពេលដែលមីស៊ីលនៃប្រព័ន្ធការពារដែនអាកាស S-300 ដែលគេជឿថាបានវង្វេងបន្ទាប់ពីត្រូវបានបាញ់ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានធ្លាក់លើទឹកដីនៃប្រទេសប៉ូឡូញដែលជាសមាជិកណាតូ។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនត្រូវបានកោះហៅទៅក្រសួងការបរទេសក្នុងទីក្រុងមីនស្កិ៍ ដើម្បីទទួលការតវ៉ាជាផ្លូវការ។ អ្នកនាំពាក្យក្រសួងការបរទេសបេឡារុស លោក Anatoly Glaz បាននិយាយថា៖«ភាគីបេឡារុសចាត់ទុកឧប្បត្តិហេតុនេះថាជារឿងធ្ងន់ធ្ងរបំផុត។ យើងបានទាមទារឱ្យភាគីអ៊ុយក្រែនធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់មួយ ដើម្បីស្វែងរកអ្នកទទួលខុស និងចាត់វិធានការឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទប់ស្កាត់ការកើតមានឡើងវិញនៃឧប្បត្តិហេតុបែបនេះនាពេលអនាគត»។ ជុំវិញបញ្ហានេះ ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការអញ្ជើញអ្នកជំនាញដែលមានការអនុញ្ញាតពីប្រទេសដែលមិនគាំទ្ររដ្ឋភេរវកររុស្ស៊ីឱ្យចូលរួមក្នុងការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។ ក្រសួង បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ភាគីអ៊ុយក្រែន ដោយរក្សាសិទ្ធិក្នុងការការពារ និងការពារផ្ទៃមេឃរបស់ខ្លួន ក្នុងពេលជាមួយគ្នានោះ ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការស៊ើបអង្កេតដែលមានគោលបំណងនៅអ៊ុយក្រែន»។ ក្រសួងដដែលបានបន្ថែមថា ខ្លួនមិនបានច្រានចោលនូវការបង្កហេតុដោយចេតនា ដែលរុស្ស៊ីបានបាញ់មីស៊ីលនៅលើផ្លូវដែលនឹងត្រូវបានស្ទាក់ចាប់នៅលើទឹកដីបេឡារុស។ អ្នកនាំពាក្យយោធាអ៊ុយក្រែនក៏បានបានទទួលស្គាល់ថា មីស៊ីលដែលធ្លាក់នៅដីបេឡារុសនោះជាមីស៊ីលរបស់អ៊ុយក្រែន ដោយលើកឡើងថា ឧបទ្ទវហេតុនេះគឺគ្មានអ្វីចម្លែកទេ ព្រោះវាជាលទ្ធផលនៃការការពារដែនអាកាស និងអ្វីមួយដែលបានកើតឡើងច្រើនជាងម្តង។ S-300 ជាប្រព័ន្ធការពារដែនអាកាសសម័យសូវៀត ដែលប្រើដោយរុស្ស៊ី និងអ៊ុយក្រែន។ បេឡារុស បានបញ្ជាក់ថា មីស៊ីលបានធ្លាក់នៅជិតភូមិ Harbacha ក្នុងតំបន់ Brest ចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែននៅម៉ោងប្រហែល ១០ ព្រឹក (ម៉ោងក្នុងប្រទេសបេឡារុស)។ ក្រសួងការពារជាតិបេឡារុស បានបន្ថែមថា បំណែកជាច្រើនត្រូវបានគេរកឃើញនៅក្នុងវាលកសិកម្មមួយ ដោយវាជាបំណែករបស់មីស៊ីលប្រឆាំងយន្តហោះ S-300 ដែលបាញ់ចេញពីទឹកដីអ៊ុយក្រែន។ មីស៊ីលនោះបានវង្វេងទិសដៅនៅពេលដែលរុស្ស៊ីកំពុងចាប់ផ្តើមការវាយប្រហារមីស៊ីលចុងក្រោយទៅលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនដែលក្នុងនោះក្រសួងការពារជាតិ បានអោយដឹងថាអគារលំនៅដ្ឋានជាង ១៨ ខ្នងនិងគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ១០ កន្លែងនៅក្នុងតំបន់ចំនួន ១០ ត្រូវបានបំផ្លាញ។ គួរបញ្ជាក់ថា បេឡារុស បានអនុញ្ញាតឱ្យទីក្រុងម៉ូស្គូប្រើប្រាស់ទឹកដីរបស់ខ្លួនក្នុងខែកុម្ភៈ ដើម្បីចាប់ផ្តើមការលុកលុយរបស់អ៊ុយក្រែន ហើយមានការកើនឡើងនៃសកម្មភាពយោធារុស្ស៊ី និងបេឡារុសនៅក្នុងប្រទេសបេឡារុសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងមីនស្កិ៍បានទទូចថា ខ្លួនមិនចូលរួមក្នុងសង្គ្រាម ហើយនឹងមិនចូលរួមទេ លុះត្រាតែសន្តិសុខរបស់ខ្លួនត្រូវបានគំរាមកំហែងដោយអ៊ុយក្រែន ឬសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន៕ សម្រួលដោយ ទៀង បុណ្ណរី