អភិបាលរាជធានី ណែនាំអោយអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចសហការគ្នាបង្កលក្ខណៈអោយប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសាកល
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានណែនាំអោយអាជ្ញាធរខណ្ឌនិងកងកម្លាំងមានសមត្ថកិច្ចទាំង២ភេទ សហការគ្នា ពិនិត្យដោះស្រាយ ចំពោះទីតាំងសប្បាយភាពនានា នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសាកល នារាត្រីថ្ងៃទី៣១ធ្នូស្អែកនេះ។ ការណែនាំបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេង បានលើកឡើងថា៖ នៅរាត្រីថ្ងៃទី៣១ធ្នូ បុណ្យចូលឆ្នាំសាកលបានចាប់ផ្តើម ពេលនោះហើយដែលប្រជាពលរដ្ឋសម្រុកចូលទៅលេងនៅកន្លែងសប្បាយភាពនានា។ ដូច្នេះទេ សម្រាប់អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចរបស់ខណ្ឌ កម្លាំងស្នងការដ្ឋាន ត្រូវពិនិត្យកន្លែងសប្បាយភាពទាំងនេះ ជាមួយនិងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ សន្តិសុខនិងសណ្តាប់ធ្នាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសនៅខណ្ឌ ដូនពេញ ចំការមន ជ្រោយចង្វានិងខណ្ឌច្បារអំពៅជាដើម ដែលខណ្ឌទាំងនេះជាខណ្ឌដែលមានទីតាំងសប្បាយភាពច្រើនជាងគេ ហើយទីតាំងទាំងនេះតែងទទួលរងនូវការកកស្ទះចរាចរជាច្រើនម៉ោង ចាប់ពីម៉ោងឆ្លងរាត្រីទៅ នាបុណ្យឆ្លងឆ្នាំសាកលនេះ។ លោកឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីនឹងបង្កើតអោយមានក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ ។ ដូច្នេះទេ មន្ត្រីនិងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវមានមុខប្រចាំការនិងបំពេញការងាររបស់ខ្លួន។ក្នុងនាមជាមន្ត្រីនិងកម្លាំងសមត្ថកិច្ចត្រូវដឹងខ្លួនថា ពេលមានបុណ្យធំៗ មានកន្លែងសប្បាយភាព យើងមិនអាចសប្បាយដូចប្រជាពលរដ្ឋទេ យើងជាអ្នកការពារភាពសប្បាយជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះទៀត លោកឃួង ស្រេង ក៏បានណែនាំអោយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចទាំងអស់ផ្សព្វផ្សាយ ដើម្បីអោយប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញផងដែរ។ លោកឧត្តមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងដែរថា ប៉ូលីសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមផែនការនឹងប្រើប្រាស់កម្លាំងប្រមាណ១០០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយចរាចរ បង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសាកល នារាត្រីថ្ងៃទី៣១ធ្នូស្អែកនេះ៕ សម្រួលដោយ ទៀង បុណ្ណរី