សម្ដេចតេជោ ហ៊ុន សែន៖ សន្ដិភាពមានតម្លៃខ្លាំងណាស់ ហើយបើការពារសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍឱ្យសោះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃខ្លាំងណាស់ដែលត្រូវតែការពារឱ្យបាន ហើយបើសិនជាការពារសន្តិភាពមិនបានទេកុំនិយាយដល់ការអភិវឌ្ឍឱ្យសោះ។ ការគូសបញ្ជាក់របស់សម្ដេចតេជោនេះ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរកបាននូវសន្តិភាពរបស់កម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ គឺមិនទាន់មានប្រទេសណាមួយដែលអាចបញ្ចប់សង្រ្គាមដូចកម្ពុជានោះទេ។ សម្ដេចតេជោបានថ្លែងរម្លឹកទៅដល់ខួប២៤ឆ្នាំ ដែលកម្ពុជាបានបញ្ចប់សង្រ្គាមក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងឯកភាពទឹកដីដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងឱ្យដឹងថា បើគ្មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ នោះទេមិនដឹងជាកម្ពុជាយើងរីកចម្រើនយ៉ាងណាទេក្រោមការដឹកនាំរបស់ព្រះអង្គ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់រំលេចថាសង្រ្គាមដែលអ្នកជំនាន់មុនបានបង្កើតឡើងពោលគឺ លន់ នល់ ទ្រង់ សិរីមតៈ ចេង ហេង ប៉ុន្តែត្រូវបានអ្នកជំនាន់ក្រោយគឺសម្តេចជាអ្នកដោះស្រាយ។ តែនេះគឺជាកាតព្វកិច្ចរបស់កូន ខ្មែរដែលត្រូវពន្លត់សង្រ្គាម ៕ សម្រួលដោយ ទៀង បុណ្ណរី