ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​នារដូវនេះ​ ត្រូវ​ប៉ាន់​បណ្ដើរៗ​ហើយ

​កំពង់ឆ្នាំង ៖ ត្រី​សម្រាប់​ធ្វើប្រហុក​ផ្អក​នៅក្នុងខេត្ត​កំពង់ឆ្នាំង​នា​រដូវនេះ ត្រូវប៉ាន់បណ្ដើរៗហើយ ដែល​មានតម្លៃ​១គីឡូចាប់ពី​១ពាន់រៀល ទៅ៥ពាន់រៀល តាមធំតាមតូច ដែល​មាន​លក់​នៅ​កំពង់ផែ​​ថ្មី ក្នុងភូមិ​ទី៧ សង្កាត់​ខ្សាម​ ក្រុង​កំពង់ឆ្នាំង។ប្រជាពលរដ្ឋ​ដែល​មកពី​ទីជនបទ​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្ដាល​និង​មកពី​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​កំពុង​វះពោះត្រី​ធ្វើ​ផ្អក​ប្រហុក​នៅ​កំពង់​ផែ​ថ្មី​ក្នុង​ភូមិ​ទី​៧ សង្កាត់ខ្សា​ម ក្រុង​កំពង់ឆ្នាំង​នា​ល្ងាច​ថ្ងៃទី​២៩​ ខែធ្នូ​នេះ​ បាន​ហើយ​ដឹង​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក​១​គីឡូ ថ្លៃ​ពី​១​ពាន់ ទៅ​៣ពាន់​រៀល​។ ចំណែក​ត្រី​សម្រាប់​ធ្វើ​ផ្អក​មានតម្លៃ​ពី​៣​ពាន់ ទៅ ៥​ពាន់​រៀល (​គឺ​ត្រី​ច​ង្កែ​) តាម​តូច​តាម​ធំ។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ប្រៀបធៀប​និង​ឆ្នាំមុន​ត្រី​សម្រាប់​ធ្វើ​ប្រហុក​មានតម្លៃ​ពី ២ ពាន់​ទៅ ៤ ពាន់​រៀល​។ ឯ​ត្រី​សម្រាប់​ធ្វើ​ផ្អក​មាន​តម្លៃ​ពី ៦ ទៅ ៩ ពាន់​រៀល​ថ្លៃ​ជាង​ឆ្នាំនេះ​។ដោយឡែក​លោក ងិន ហ៊ុន ប្រធាន មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ នេះ​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ថា​ នៅ​ក្នុង​ខ្នើត​ខែបុស្ស​នេះ​ចាប់ពី​ថ្ងៃ​៤ កើតមក គឺ​២​ថ្ងៃមុន​ត្រី​សម្រាប់​ធ្វើ​ប្រហុក​ផ្អក​ចាប់​ត្រូវ​បណ្ដើរៗ​ហើយ និង​បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា គឺ​ត្រី​ឆ្នាំនេះ​សំបូរ​ជាង និង​មាន​តម្លៃ​ថោក​ជាង​ឆ្នាំមុន ហើយ​ខ្នើត​ខែ ក្រោយ​អាច​នឹង​សម្បូរ​ត្រី​ប្រហុក​ច្រើន​។ ប៉ុន្តែ​គិត​មកដល់​ថ្ងៃនេះ​ខាង​មន្ត្រី​ជលផល​ខេត្ត មិនទាន់​ប្រមូល​បាន​ទិន្នន័យ​នៃ​ផល​នេសាទ​នៅ ក្នុង​ខេត្ត​ឡើយ​ទេ។លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ ដែល​មាន​បំណង​ធ្វើ​ប្រហុក​ផ្អក​សូម​អញ្ជើញ​មក​ធ្វើ​ប្រហុក​ផ្អក​នៅ​ទី​តាំង​ចំនួន៤ កន្លែង​ក្នុង​ខេត្ត​កំពង់ឆ្នាំង​គឺ​១​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​, ២ ចំណុច​ព្រែក​កាត់ ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​, ចំណុច​កំពង់ផែ​ថ្មី​ ក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​, និង ៤ ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌​៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង