សម្តេចក្រឡាហោម ចុះត្រួតពិនិត្យទីតាំងកាស៊ីណូត្រូវអគ្គិភ័យឆាបឆេះ ខណៈតួលេខអ្នកស្លាប់ និងរបួសកើនដល់ជិត៧០នាក់
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ខេត្ត បានអញ្ជើញទៅពិនិត្យទីតាំងឧបទ្ទវហេតុអគ្គិភ័យឆាបឆេះអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី មួយនៅក្រុងប៉ោយប៉ែត បណ្តាលឱ្យមនុស្សស្លាប់ និងរបួសដែលកំពុងសង្គ្រោះកើនដល់ជិត៧០នាក់ និងឆេះអគារអស់ចំនួន៣។ នេះជាតួរលេខបឋមគិតត្រឹមម៉ោង១១ៈ០០នាទី…។ គូសបញ្ជាក់ថា កាលពីម៉ោង១១ៈ៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណី អគ្គិភ័យមួយ បានឆាបឆេះអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី ផ្នែកខាងត្បូង និងបានបន្តឆេះរៀលតាមស្ពានតភ្ជាប់ទៅអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីខាងជើង រួមជាមួយអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធី ដែលជាប់នៅខាងលិចផងដែរ។ ហេតុការណ៍អគ្គិភ័យនេះ ភ្នាក់ងារ TNM ប្រចាំក្រុងប៉ោយប៉ែត បានធ្វើសេចក្តីរាយការណ៍ព័ត៌មានបឋមថា យោងតាមរបាយការណ៍សមត្ថកិច្ច មូលហេតុដែលអគ្គិភ័យនេះឆាបឆេះ គឺបង្កឡើងដោយការឆ្លងចរន្តអគ្គិសនីប៉ាណូ ជាប់ពីដាននៅអគារជាន់ក្រោមរបស់ក្រុមហ៊ុន ដែលមានអគារ១៧ជាន់ខាងត្បូងហើយបានឆេះរៀលដាលដល់អគារកាស៊ីណូខាងជើងផ្លូវបណ្តាលខូចខាតស្ទើរទាំងស្រុង។ ភ្លាមៗនោះ បុគ្គលិកបម្រើការងារនៅលើកាស៊ីណូ បាននាំគ្នាភ័យស្លន់ស្លោ និងដោយសារគ្មានផ្លូវចុះមកខាងក្រោមផងនោះ ពួកគេបានសម្រេចចិត្ត នាំគ្នាលោតពីលើបង្អួចចុះមកក្រោម ចំនួន៦៨នាក់ ដោយ១០នាក់ បានបាត់បង់ជីវិត និង៥៨នាក់ទៀតរងរបួសធ្ងន់ កំពុងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃខ្លះ និងនៅខ្មែរខ្លះ គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុស ស្រីប្រហែលជាង៤០០នាក់។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ថា គិតត្រឹមម៉ោង១១ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២នេះអាជ្ញាធរបានគ្រប់គ្រងស្ថានការបានស្ទើរ១០០ភាគរយហើយ។ លោកបញ្ជាក់ថា «អគ្គិភ័យនេះ មានកម្លាំងអន្តរាគមន៍ប្រមាណជិត១ពាន់នាក់ ដែលរួមមាន កងកម្លាំងទាំងបីស្ថាប័នរបស់កម្ពុជា និងកងកម្លាំងភាគីថៃទាហានឈុតខ្មៅ ទាហានប៉ារ៉ា និងក្រុមសង្គ្រោះកម្ពុជា-ថៃ ខណៈរថយន្តពន្លត់អគ្គីភ័យប្រមាណជិត៣០គ្រឿងប្រើប្រាស់ទឹកមិនតិចជាងរយឡាន ដោយមានរថយន្តសង្គ្រោះជាង២០គ្រឿងផងដែរ។ គួរបញ្ជាក់ថា នៅពេលអគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនកាស៊ីណូខាងកើតប្រមាណ១០០ម៉ែត្រពីខ្លោងទ្វារអន្តរជាតិប៉ោយប៉ែត ចរាចរណ៍ឆ្លងដែនត្រូវបានបិទ ជាបណ្តោះអាសន្នមិនឱ្យរថយន្តដឹកទំនិញចេញ-ចូលឡើយ ប៉ុន្តែសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ក្រុមអាជីវករ និងកម្មករថ្មើជើង គឺអាចចេញ-ចូលជាធម្មតា តាមផ្លូវខាងខ្លោងទ្វារនៅផ្លូវដើមពន្ទ្រា៕ សម្រួលដោយ ទៀង បុណ្ណរី