ក្រុមសិទ្ធិមនុស្ស៖ បាតុករអ៊ីរ៉ង់ជាច្រើននាក់ កំពុងប្រឈមនឹងការកាត់ទោសប្រហារជីវិត

អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ បានលើកឡើងកាលពីថ្ងៃអង្គារទី ២៧ ខែធ្នូកន្លងទៅនេះថា យ៉ាងហោចណាស់ជនជាតិអ៊ីរ៉ង់ ១០០ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលជាង ១០០ ថ្ងៃនៃការតវ៉ាទូទាំងប្រទេស ដោយប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។ ប្រទេសអ៊ីរ៉ង់ត្រូវបានគ្របដណ្តប់ដោយបាតុកម្ម​​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ដោយសារការឃុំឃាំង និងមរណភាពរបស់​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់-ឃឺដ ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) អាយុ ២២ ឆ្នាំ។ នារីរងគ្រោះរូបនេះ ត្រូវបានចាប់ខ្លួន​នៅ​ក្រុង​តេហេរ៉ង់ និងរងការ​ចោទ​ប្រកាន់​ថា​បាន​បំពាន​លើ​កូដ​សំលៀកបំពាក់​ដ៏តឹងរ៉ឹងសម្រាប់​ស្ត្រី។ កាលពីដើមខែនេះ អ៊ីរ៉ង់បានប្រហារជីវិតបុរសពីរនាក់ ពាក់ព័ន្ធនឹងការតវ៉ាលើវិធានការបង្ក្រាបហ្វូងបា​តុកររបស់អាជ្ញាធរ ដែលសកម្មជនអះអាងថា មានគោលបំណងបំផុសការភ័យខ្លាចជាសាធារណៈ។ លើសពីនេះ នៅក្នុងរបាយការណ៍មួយ IHR បានកំណត់អ្នកជាប់ឃុំចំនួន ១០០ នាក់ដែលប្រឈមមុខនឹងការដាក់ទណ្ឌកម្មយាងធ្ងន់ធ្ងរ ហើយក្នុងនោះមនុស្សយ៉ាងហោចណាស់ ១១ នាក់ ត្រូវបានកាត់ទោសប្រហារជីវិត។ អ្នកជាប់ឃុំចំនួន ៥ នាក់នៅក្នុងបញ្ជីរបស់ IHR គឺជាស្ត្រី។  ជុំវិញបញ្ហានេះ នាយក IHR លោក ម៉ាមូដ អាមីរី ម៉ូហ្កាដាម (Mahmood Amiry-Moghaddam) បានលើកឡើងថា៖ «តាមរយៈការចេញការកាត់ទោសប្រហារជីវិត និងប្រហារជីវិតបាតុករមួយចំនួន អាជ្ញាធរចង់ឱ្យហ្វូងបាតុករដទៃទៀត បញ្ឈប់ការតវ៉ារបស់ពួកគេ»។ លោកបន្តថា​៖ «វិធានការនេះមាន​ឥទ្ធិពល​ខ្លះ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​សង្កេត​ឃើញ​ជាទូទៅ ​គឺ​ការ​ខឹងសម្បារ​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​អាជ្ញាធរ។ យុទ្ធសាស្ត្រនៃការបំផុសភាពភ័យខ្លាចរបស់ពួកគេ តាមរយៈការប្រហារជីវិត បានបរាជ័យ»។​ ក្នុង​ចំនួន​អ្នក​ស្លាប់​ថ្មីៗ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ IHR បាន​កត់សម្គាល់ថា ​អ្នក​តវ៉ា​ចំនួន ៤៧៦ នាក់​ត្រូវ​បាន​សម្លាប់​រហូត​មក​ដល់​ពេល​នេះ។ ក្រោមបញ្ជារបស់ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ មនុស្សជាង ២០០ នាក់បានស្លាប់ រួមទាំងមន្ត្រីសន្តិសុខផងដែរ។ បន្ថែមលើនេះ អង្គការសហប្រជាជាតិបាននិយាយកាលពីខែមុនថា មនុស្សយ៉ាងហោចណាស់ ១៤០០០ នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីភាពចលាចលទូទាំងប្រទេសបានចាប់ផ្តើម។ លោក ម៉ាជីឌេហ្សា រ៉ាណាវ៉ាដ (Majidreza Rahnavard) អាយុ ២៣ ឆ្នាំ ត្រូវបានព្យួរកនៅទីសាធារណៈពីរថយន្តស្ទូច កាលពីថ្ងៃទី ១២ ខែធ្នូ បន្ទាប់ពីត្រូវបានកាត់ទោសដោយតុលាការនៅទីក្រុងម៉ាសាហាដ (Mashhad) ពីបទសម្លាប់សមាជិកនៃកងកម្លាំងសន្តិសុខពីរនាក់ដោយកាំបិត។ បួនថ្ងៃមុននេះ លោក ម៉ូសេន សេការី (Mohsen Shekari) ដែលមានអាយុ ២៣ ឆ្នាំ ត្រូវបានប្រហារជីវិតដោយសារបានបង្ករបួសស្នាមលើសមាជិកនៃកងកម្លាំងសន្តិសុខ។ តុលាការបានអះអាងថា មនុស្សប្រាំបួននាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិតលើការតវ៉ានេះ ដែលក្នុងនោះពីរនាក់ត្រូវបានអនុញ្ញាតឱ្យមានការជំនុំជម្រះឡើងវិញ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង