ហ្វីលីពីនបន្តតាមរកមនុស្ស២៦នាក់បាត់ខ្លួនក្នុងគ្រោះមហន្តរាយអាកាសធាតុ
ក្រុមជួយសង្គ្រោះនៅទូទាំងខេត្តចំនួនប្រាំបួនក្នុងប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី២៨ ខែធ្នូ បានព្យាយាមស្វែងរកមនុស្ស ២៦ នាក់ដែលបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ មុន ដោយបានបង្កជាទឹកជំនន់ និងការរអិលបាក់ស្រុតដីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥ នាក់នៅក្នុងព្រឹត្តិការណ៍អាកាសធាតុដ៏សាហាវបំផុតមួយក្នុងឆ្នាំនេះ។ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានអះអាងនៅថ្ងៃទី ២៨ ខែធ្នូ ថា អ្នកស្លាប់និងរបួសដែលបានរាយការណ៍មកទល់ពេលនេះបានកើនឡើងដល់ ២៥ នាក់ដោយអ្នកស្លាប់ភាគច្រើនបណ្តាលមកពីលង់ទឹកដោយសារទឹកជំនន់ភ្លាមៗ។ ទីភ្នាក់ងារគ្រោះមហន្តរាយ លោក Diego Agustin Mariano បានប្រាប់វិទ្យុ DZMM ថា ៖«ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ដែលដឹកនាំដោយឆ្មាំឆ្នេរសមុទ្រ ខណៈដែលអ្នកបាត់ខ្លួនភាគច្រើនជាអ្នកនេសាទ»។ គួរបញ្ជាក់ថា ទឹកជំនន់ និងការបាក់ស្រុតដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង គឺមិនដូចគ្រោះមហន្តរាយពីមុនៗនៅក្នុងប្រទេសហ្វីលីពីននោះទេ។ ទីភ្នាក់ងារនេះក៏បានកត់ត្រាតំបន់លិចទឹកជាង ៣០០កន្លែង និងការរអិលបាក់ស្រុតដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ចំនួន ២០កន្លែង ដែលបានបង្ខំឱ្យមនុស្សជាង ៨ម៉ឺននាក់ត្រូវជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញរូបភាព នៅថ្ងៃពុធ ទី២៨ ខែធ្នូ នៃមនុស្សកកកុញនៅក្នុងកន្លែងហាត់ប្រាណ ដែលប្រែក្លាយទៅជាមជ្ឈមណ្ឌលជម្លៀស និងអ្នកស្រុកប្រមូលកាកសំណល់ និងសម្អាតផ្ទះពួកគេបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ៕ សម្រួលដោយ ទៀង បុណ្ណរី