ទិញទឹកក្រូចផឹកមួយដបធំពុលមនុស្សស្លាប់ចំនួន០២នាក់ក្នុងស្រុកបុរីអូយស្វាយសែនជ័យ
ខេតស្ទឹងត្រែង: មានសេចក្តីរាយការណ៍ដឹងថាមានករណី ប្រជាពលរដ្ឋបានទិញទឹកក្រូចផឹករួមគ្នាធ្វើឲ្យពុលមនុស្សស្លាប់ចំនួនពីរនាក់ក្រោយពីបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ករណីនេះបានកើតឡើងនៅចម្ការដំឡូងមួយកន្លែងស្ថិតនៅភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤និង២៥ខែធ្នូ មកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ មិនទាន់មានការបញ្ជាក់ពីមន្ត្រីជំនាញបានដឹងច្បាស់លាស់នៅឡើយទេ។ ពាក់ព័ន្ធបញ្ហាពុលស្លាប់មនុស្សពីរនាក់ខាងលើនោះដែរ លោកស្រី ហុក សុភាពអាយុ៣២ឆ្នាំត្រូវជាក្មួយសពបានលើកឡើងថាឈ្មោះ យ៉ាត់ ចិន្តា ភេទប្រុសអាយុ ៤៤ ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាម បានមកធ្វើការជាកម្មករដកដំឡូងមី នៅចំណុចភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។មុនពេលកើតហេតុពូតែងតែទៅទិញភេសជ្ជៈក្នុងតូបមួយកន្លែងនៅចំណុចដុងក្រឡ យកទៅទុកផឹកនៅពេលធ្វើការងារដកដំឡូងនៅចំការជារៀងរាល់ថ្ងៃ ជាមួយនឹងអ្នកដទៃទៀត ដោយចៃដន្យ កាលពីថ្ងៃទី២៤ ខែធ្នូក្រោយពីផឹកទឹកក្រូចមួយដបដែលទិញពីតូបនៅដុងក្រឡ ពេលផឹកមួយសន្ទុះមកក៏ស្រាប់តែមានអាការៈក្អួតចង្អោរមិនស្រួលខ្លួនកាន់តែខ្លាំងរហូតសាច់ញាតិដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងក្រោយមកក៏បាត់បង់ជីវិត។ ចំណែកទឹកក្រូចមួយដបដែលនៅសល់ក្នុងដបនោះ ស្ត្រីម្នាក់ទៀតក៏បានផឹករួមគ្នាដែរតាមក្រោយ លុះមកដល់ថ្ងៃទី២៥ក៏ពុលស្លាប់បាត់បង់ជីវិតម្នាក់ទៀត នៅចំណុចវាលព្រីងក្នុងសង្កាត់សាមគ្គី។មានឈ្មោះ កែវនួនភេទស្រីអាយុ 44 ឆ្នាំមានស្រុកកំណើតនៅភូមិត្នោតបាក់ឃុំត្រពាំងគា ស្រុកជើងព្រៃ ខេត្តកំពង់ចាម។បានមកស្នាក់នៅក្នុងភូមិរិទ្ធីសែនជ័យមួយ ឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង មកធ្វើការជាកម្មករដកដំឡូងមី។ ជុំវិញករណីនេះដែរ លោកសុខ គឹមសេន មេភូមិរិទ្ធីសែនជ័យ១ បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី ២៨ធ្នូនេះថា មានករណីមនុស្សពុលដោយសារផឹកភេសជ្ជៈឬទឹកក្រូចនោះ ពិតជាកើតឡើងមែន។ តែលោកមិនបានបញ្ជាក់ថាការស្លាប់របស់មនុស្សនោះ គឺបណ្ដាលមកពីពុលដោយសារផឹកទឹកក្រូចឡើយ។លោកថាទាល់តែខាងជំនាញទើបអាចបញ្ជាក់រឿងនេះឱ្យដឹងច្បាស់បាន។ ចំណែកលោកជា ម៉ាលី ចៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បានប្រាប់ថា ពិតជាករណីមនុស្សស្លាប់មែន តែមិនមែនប្រជាពលរដ្ឋរស់នៅក្នុងឃុំរបស់លោកឡើយ គឺកើតហេតុនៅក្នុងស្រុកបុរីអូស្វាយសែនជ័យឯណ្ណោះទេ។ ពាក់ព័ន្ធនិងជំនាញ លោកអ៊ុង សូវៀតប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ករណីនេះមន្ត្រីជំនាញកំពុងធ្វើការ ដើម្បីរកការពិត ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានចម្លើយថាពិតជាស្លាប់ដោយសារពុលផឹកទឹកក្រូចនោះទេ។ លោកបន្តថា បានឲ្យមន្ត្រីជំនាញធ្វើការងារនេះហើយ ដើម្បីបញ្ជាក់ពីការពិត។តែមិនទាន់ធ្វើការសន្និដ្ឋាន តើបណ្ដាលមកពីពុលអ្វីទើបបណ្ដាលឲ្យមនុស្សស្លាប់បាននោះទេ។ ដោយឡែកខាងមន្ត្រីជំនាញកាំកុងត្រូលមិនអាចទំនាក់ទំនងពន្យល់លើករណីស្លាប់មនុស្សពុលដោយសាទឹកក្រូចចំនួន ០២ នាក់ខាងលើនោះបានទេ៕
(ដោយសហការីTNMស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី