ព្រិលធ្លាក់ខ្លាំងក្នុងប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស ១៧នាក់ស្លា.ប់ និងរបួ.សជាង ៩០ នាក់

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទទី ២៦ ខែធ្នូថា ព្រិលធ្លាក់ខ្លាំងនៅតំបន់ជាច្រើនក្នុងប្រទេសជប៉ុន បានសម្លាប់មនុស្ស ១៧ នាក់ ខណៈមនុស្សជាង ៩០ នាក់ផ្សេងទៀតរងរបួស និងធ្វើឱ្យផ្ទះរាប់រយខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់។ រដូវរងានេះបានធ្វើឱ្យ​មានព្រិលធ្លាក់ខ្លាំង នៅក្នុងតំបន់ភាគខាងជើងចាប់តាំងពីសប្តាហ៍មុន បានរំខានដល់ការធ្វើចរាចរណ៍ដោយពន្យារពេលសេវាកម្មដឹកជញ្ជូន និងបណ្តាលឱ្យមនុស្សស្លាប់ ១១ នាក់គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន។ ការធ្លាក់ព្រិលកាន់តែច្រើននៅចុងសប្តាហ៍បុណ្យណូអែល បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៧ នាក់ និងរបួសដល់ ៩៣ នាក់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយ។ជនរងគ្រោះជាច្រើនបានរអិលពីលើដំបូងផ្ទះ ខណៈព្យាយាមសម្អាតព្រិលពីលើដំបូល ឬត្រូវបានកប់នៅក្រោមគំនរព្រិលដែលរអិលពីលើដំបូល។ ជុំវិញបញ្ហានេះ​ ការិយាល័យក្រុងនៅតំបន់ដែលរងគ្រោះដោយព្រិល បានជំរុញឱ្យអ្នកស្រុកបង្កើនការប្រុងប្រយ័ត្ន ក្នុងរដូវរងារនេះ។ យោងតាមក្រសួងសេដ្ឋកិច្ច និងឧស្សាហ៍កម្មបានឱ្យដឹងថា ព្រិលធ្លាក់ខ្លាំងបានធ្វើឱ្យប៉មបញ្ជូនថាមពលអគ្គិសនីនៅកោះភាគខាងជើងរបស់ប្រទេសជប៉ុន ដួលរលំ និងធ្វើឱ្យផ្ទះប្រហែល ២ ម៉ឺនខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់ នៅព្រឹកថ្ងៃបុណ្យណូអែល។ លើសពីនេះ យោងតាមក្រសួងដឹកជញ្ជូនបានឱ្យដឹងថា សេវារថភ្លើង និងជើងហោះហើរជាច្រើននៅភាគខាងជើងប្រទេស ត្រូវបានផ្អាករហូតដល់ថ្ងៃអាទិត្យ ប៉ុន្តែសេវាកម្មទាំងនោះ បានដំណើរការឡើងវិញចាប់តាំងពីពេលនោះមក៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង