កម្ពុជា-អូស្ត្រាលី បន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្នុងថ្ងៃអនាគត។ ក្នុងឱកាសទទួលជួបការងារ និងជម្រាបលារបស់ ឯកឧត្តម ប៉ាប្លូ កាំង (PABLO Kang) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងចប់អាណត្តិ កាលពីរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែលបានបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកម្ពុជា-អូស្រ្តាលី ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងថ្លែងការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី សម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងការឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីថ្មី កម្ពុជា-អូស្ត្រាលី ក៏ដូចជាកម្មវិធីពាណិជ្ជកម្មតំបន់ (RT4D) ដែលក្នុងនោះ ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីទាំងនេះផងដែរ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញ-នាំចូល រវាងប្រទេសកម្ពុជា-អូស្រ្តាលី គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ មានទំហំទឹកប្រាក់សរុបចំនួនប្រមាណជាង ៣២០លានដុល្លារ មានការកើនឡើងជាង ១២៧% ប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១ ដែលមានចំនួនប្រមាណ ១៤១លានដុល្លារ៕ សម្រួលដោយ ទៀង បុណ្ណរី