យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ វត្តអារាមទូទាំងខេត្តស្វាយរៀងវាយគង ជួង រគាំង និងទូងស្គរ ព្រមៗគ្នា!

TNM(ស្វាយរៀង)៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេស ឲ្យវាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ការពារ និង ៣កុំ របស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតចប់ព្រឹត្តិការណ៍២០កម្ភៈ ឲ្យបាន៥ដងក្នុងមួយថ្ងៃ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥:០០នាទី វត្តអារាមទូទាំងខេត្តស្វាយរៀង បានចូលរួមវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ។

សារាចរណែនាំនោះបានឲ្យដឹងទៀតថា ពេលវេលាដែលត្រូវវាយគង ជួង រគាំង ទូងស្គរ ក្នុង១ថ្ងៃ ៥ដង នោះរួមមាន: លើកទី១ នៅម៉ោង៥ព្រឹក, លើកទី២ នៅម៉ោង១១ព្រឹក, លើកទី៣ នៅម៉ោង២រសៀល, លើកទី៤ នៅម៉ោង៥ល្ងាច , លើកទី៥ នៅម៉ោង៨យប់៕

អត្ថបទដែលជាប់ទាក់ទង