សហរដ្ឋអាមេរិក កំពុងជួប “ព្យុះគ្រាប់បែក” ចំពេលបុណ្យណូអែល ធ្វើឲ្យអាកាសធាតុត្រជាក់បំផុត

អ្នកព្យាករណ៍អាកាសធាតុបាននិយាយថា ព្យុះរដូវរងាដ៏ធំមួយ ដែលបោកបក់លើសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ នឹងធ្វើឲ្យបុណ្យណូអែលឆ្នាំនេះ ជួបអាកាសធាតុត្រជាក់បំផុតក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយ នៅផ្នែកខ្លះនៃប្រទេស។ អាកាសធាតុត្រជាក់មានម្តងក្នុងមួយជំនាន់ ដែលចាប់ផ្តើមនៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យកាលពីថ្ងៃអង្គារ មុននឹងបក់ទៅទិសខាងកើត នឹងក្លាយជា “ព្យុះស៊ីក្លូនគ្រាប់បែក” នៅថ្ងៃសុក្រនេះ។ ព្យុះស៊ីក្លូនគ្រាប់បែក គឺជាពាក្យដែលគេសំដៅទៅព្យុះ ដែលបង្កើនកម្លាំងខ្លាំងយ៉ាងឆាប់រហ័ស ដោយសម្ពាធខ្យល់កណ្តាលរបស់វា​ ធ្លាក់ចុះដល់យ៉ាងហោចណាស់២៤មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង។ មនុស្សជាង ៩០លាននាក់ ស្ថិតនៅក្រោមការព្រមានអំពីអាកាសធាតុរដូវរងា នៅក្នុងរដ្ឋចំនួន៣៧។ ប្រហែល៨០% នៃប្រទេស ត្រូវបានគេព្យាករថានឹងជួបប្រទះសីតុណ្ហភាពក្រោមសូន្យអង្សា រួមទាំងនៅកន្លែងឆ្ងាយៗ រហូតដល់រដ្ឋតិចសាស់ ផងដែរ។ ព្យុះដែលផ្ទុះចេញពីតំបន់អាកទិកនេះ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យអាកាសធាតុបុណ្យណូអែលនៅតំបន់ Midwest មានភាពត្រជាក់បំផុត ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០មក។ សូម្បីតែរដ្ឋ Florida ដែលជារដ្ឋមានពន្លឺព្រះអាទិ្យ ក៏ត្រូវបានគេព្យាករថា នឹងជួបបុណ្យណូអែលដ៏ត្រជាក់បំផុតក្នុងរយៈពេល ៣០ឆ្នាំផងដែរ។ សេវាអាកាសធាតុជាតិ (NWS) បាននិយាយថា សីតុណ្ហភាពត្រជាក់ -៤៥អង្សាសេ និង -៥៦អង្សាសេ អាចកើតឡើងនៅចុងសប្តាហ៍នេះនៅក្នុងតំបន់មួយចំនួននៃប្រទេស។ ស្របពេលជាមួយគ្នានេះ អភិបាលរដ្ឋ Kentucky និង North Carolina បានចេញការប្រកាសអាសន្ន។ ព្រិលធ្លាក់ និងផ្លូវរអិល ត្រូវបានគេរំពឹងថា នឹងបង្កភាពវឹកវរដល់ការធ្វើដំណើរនៅចុងសប្តាហ៍នេះ។ ជើងហោះហើររាប់រយជើងចេញពីទីក្រុង Denver និង Chicago ត្រូវបានលុបចោលរួចទៅហើយ៕ ប្រភព BBC សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង