សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ដើរបំភ័យកម្មករកុំឲ្យទៅចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ចិន
TNM(កំពង់ឆ្នាំង)៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចាប់បុរសម្នាក់បន្ទាប់ពីបុរសនេះ បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok របស់ខ្លួនបំភ័យកម្មករកុំឲ្យទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ចិន ។
បន្ទាប់ពីបានឃាត់ខ្លួនបុរសនោះ រួចស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូនបុរសនេះបន្តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
យោងតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បុរសម្នាក់នោះមានឈ្មោះ តោ ចន្នី មុខរបរជាអ្នកបើករថយន្តដឹកទំនិញ។ បើតាមសមត្ថកិច្ចបន្ទាប់ពីឃើញវីដេអូផុសមានលក្ខណ:ញុះញ៉ង់ និងផ្សាយខុសពីការពិតទាក់ទងទៅនឹងការចាក់វ៉ាក់សាំងកូវីដ១៩ នៅលើបណ្តាញសង្គម Tik Tok ភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនផ្សព្វផ្សាយព័ត៌មានបំពុលសង្គមម្នាក់នេះឲ្យបានដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ។
ទន្ទឹមនិងនេះ ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនបុរសរូបនេះ បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ថែម និងក៏សាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា បុគ្គលរូបនេះ បានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនេះ និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត បុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឲ្យបុគ្គលដទៃ ទៅទទួលការចាក់វ៉ាក់សាំង គឺជាអំពើល្មើសច្បាប់ដែលកំណត់បានជាបទល្មើស “រារាំងដល់ការអនុវត្តវិធានការ ” តាមបទបញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ១០លានរៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ ២០លានរៀល កាលបើអំពើខាងលើនេះបណ្តាល ឲ្យមានការចម្លងជំងឺ កូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕