រដ្ឋបាលអាហ្វហ្កានីស្ថានដឹកនាំដោយក្រុមតាលីបង់ ហាមឃាត់និស្សិតស្រីមិនឱ្យចូលរៀនសាកលវិទ្យាល័យ
ក្រសួងអប់រំឧត្តមសិក្សារបស់ប្រទេសអាហ្វហ្កានីស្ថានដែលគ្រប់គ្រងដោយរបបតាលីបង់កាលពីថ្ងៃអង្គារទី ២០ ខែធ្នូ បានផ្អាកនិស្សិតស្រីមិនឱ្យចូលរៀននៅសកលវិទ្យាល័យរហូតដល់មានការជូនដំណឹងបន្ថែម។ ចំណាត់ការនេះ បានរងការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។ លិខិតមួយដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រសួងអប់រំឧត្តមសិក្សា បានណែនាំដល់សាកលវិទ្យាល័យសាធារណៈ និងឯកជនក្នុងប្រទេសអាហ្វហ្កានីស្ថាន ឱ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ ការប្រកាសរបស់រដ្ឋបាលតាលីបង់ដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនេះ បានកើតឡើងនៅពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ស្ដីពីប្រទេសអាហ្វហ្កានីស្ថាន។ រដ្ឋាភិបាលបរទេស រួមទាំងសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ការផ្លាស់ប្ដូរគោលនយោបាយស្ដីពីការអប់រំរបស់ស្ត្រី គឺមានភាពចាំបាច់បំផុត មុនពេលដែលរដ្ឋបាលដឹកនាំដោយពួកតាលីបង់ត្រូវបានទទួលស្គាល់ជាផ្លូវការ។ លោក រ៉ូប៊ឺត វូដ (Robert Wood) ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាម៉េរិក បានប្រាប់ក្រុមប្រឹក្សាថា៖ «ក្រុមតាលីបង់មិនអាចរំពឹងថានឹងក្លាយជាសមាជិកស្របច្បាប់នៃសហគមន៍អន្តរជាតិទេ លុះត្រាតែរបបនេះគោរពសិទ្ធិរបស់ជនជាតិអាហ្វហ្កានីស្ថានទាំងអស់ ជាពិសេសសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ស្ត្រី និងកុមារី»។ លើសពីនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក ណេដ ប្រាយស៍ (Ned Price) បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងរកវិធានការនានា ដើម្បីឱ្យក្រុមតាលីបង់ទទួលការខុសត្រូវលើទង្វើរបស់ខ្លួន។ ទន្ទឹមគ្នានោះ ឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេស លោកស្រី បាបារ៉ា វូដវឺដ (Barbara Woodward) បានកត់សម្គាល់ថា ការរារាំងនិស្សិតស្រីមិនឱ្យចូលរៀននេះ គឺការបិទសិទ្ធិស្ត្រីដ៏ធ្ងន់ធ្ងរមួយផ្សេងទៀត និងបានធ្វើឱ្យនិស្សិតស្រីគ្រប់រូបមានការខកចិត្តយ៉ាងខ្លាំង។ ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក ស្តេហ្វិន ឌូចារិច (Stephane Dujarric) បានលើកឡើងថា ចំណាត់ការនេះ គឺជាការធ្វើខុសការសន្យាមួយផ្សេងទៀតរបស់ក្រុមតាលីបង់។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា៖ «វាជាវិធានការដ៏អាក្រក់មួយទៀត ហើយការអភិវឌ្ឍ និងការដោះស្រាយបញ្ហានប្រឈមដែលកើតមានក្នុងប្រទេស អាចនឹងពិបាកសម្រេចបាន ដោយគ្មានការចូលរួមយ៉ាងសកម្មពីស្ត្រី និងការអប់រំរបស់ស្ត្រី»។ចំណែក បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអាហ្វហ្គានីស្ថាន លោកស្រី រ៉ូហ្សា អូតុនបាយេវ៉ា (Roza Otunbayeva) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ គឺជាការបំផ្លិចបំផ្លាញសិទ្ធិនារី។ មិនយូរប៉ុន្មានមុនពេលការប្រកាសពីទីក្រុងកាប៊ុល លោកស្រី អូតុនបាយេវ៉ា បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការហាមឃាត់សិស្សស្រីពីសកលវិទ្យាល័យ បានធ្វើឱ្យខូចទំនាក់ទំនងរបស់រដ្ឋបាលតាលីបង់ជាមួយសហគមន៍អន្តរជាតិ ហើយថា ចំណាត់ការនេះ មិនទទួលបានការគាំទ្រក្នុងចំណោមប្រជាជនអាហ្វហ្កានីស្ថានទេ និងសូម្បីតែនៅក្នុងថ្នាក់ដឹកនាំតាលីបង់ផ្ទាល់។ លើសពីនោះ លោកស្រីបានលើកឡើងថា៖ «ដរាបណាក្មេងស្រីនៅតែត្រូវបានហាមឃាត់មិនឱ្យចូលសាលារៀន ហើយអាជ្ញាធរនៅតែបន្តមិនយកចិត្តទុកដាក់ចំពោះកង្វល់ផ្សេងទៀតដែលសហគមន៍អន្តរជាតិបានចែង យើងនៅតែស្ថិតក្នុងភាពជាប់គាំង»៕ សម្រួលដោយ ទៀង បុណ្ណរី