សមត្ថកិច្ចបញ្ជូនជនសង្ស័យ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ

ព្រះសីហនុ៖ កម្លាំងការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កង​រាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ​នៅ​ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២ ​បាន​បញ្ជូនជនសង្ស័យ ​១០នាក់ និងសារធាតុញៀនជាង ១តោន ទៅ​សាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធី។ ប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្ដិការ​តាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ​ដោយ​ខុសច្បាប់ ​នូវសារធាតុញៀន​ និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅ​ឃ្លាំងជួល​មួយកន្លែង នៅក្រុម៩ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២ ​ សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ការ​ ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ២នាក់ និងជនជាតិចិនចំនួន ៨នាក់ និង​សារធាតុញៀនសរុបចំនួន ១.១៣៣គីឡូ ៧៨៩,១១ក្រាម ព្រមទាំង​សម្ភារមួយចំនួនផងដែរ។ សូមរម្លឹក​ផងដែរថា ​ករណីនេះ ​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារសិក្សា ​និងសមិទ្ធផលនានា​ជាច្រើនក្នុងស្រុកបវេល ខេត្តបាត់ដំបង ​សម្ដេច​ក្រឡាហោម ស ខេង ​បាន​ថ្លែងពីប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះផងដែរ ​ដោយសមត្ថកិច្ចកម្ពុជា​បាន​ប្រទះឃើញ​កប៉ាល់​មួយគ្រឿងនៅដែនសមុទ្រកម្ពុជា ​ពេលនោះ​ សមត្ថកិច្ចបាន​សាកសួរ តែគេ​បានប្រាប់ថា ​ជាកប៉ាល់ដឹកបារី ​ដោយមានការសង្ស័យ​សមត្ថកិច្ច​បាន​ឃាត់​ឆែកឆេរ រហូត​មាន​ការស្រាវជ្រាវ ​និងឃាត់​កប៉ាល់នោះ​ ទើបគ្រឿងញៀន​ទាំងនេះ​នៅជាប់គាំង និងឃាត់​មនុស្ស​ជាបន្តបន្ទាប់។ បច្ចុប្បន្នកងរាជអាវុធហត្ថខេត្តព្រះសីហនុ ​បានបានបញ្ជូនជនសង្ស័យទាំង១០នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុហើយ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង