មន្រ្តីពាណិជ្ជកម្មលើកទឹកចិត្តអ្នកវិនិយោគកូរ៉េរកស៊ីលើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត នៅកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េ ឱ្យមកបណ្តាក់ទុនរកស៊ីលើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត នៅកម្ពុជា។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដែលចប់អណត្តិ ដើម្បីសម្ដែងការគួសម និងជម្រាបលា កាលពីរសៀលថ្ងៃទី ២០ ខែធ្នូ។ នៅក្នុងជំនួបនេះ លោក ប៉ាន សូរស័ក្តិ បានថ្លែងទៅកាន់លោកឯកអគ្គរដ្ឋទូតថា តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា មានការលើកទឹកចិត្តច្រើនដល់ការផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើសុំឱ្យលោកឯកអគ្គរដ្ឋទូតជួយជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគទុនកូរ៉េមកបណ្តាក់ទុនរកស៊ីលើអាជីវកម្មផលិតកែច្នៃ និងឧស្សាហកម្មយានយន្ត នៅកម្ពុជា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្ដី ក៏បានកោតសរសើរចំពោះ ឯកអគ្គរដ្ឋទូត នូវសមិទ្ធិផលនានាក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស្អិតរមួត និងរីកចម្រើន។ លោកបានសង្កត់ធ្ងន់នូវការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ។ លើសពីនេះទៀត ឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មដ៏ជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានជួយសម្របសម្រួលក្នុងការចរចាឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបបានចូលជាធរមាននាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ និងមានជំនឿចិត្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងបង្កើនទំនុកចិត្ត និងជំរុញបន្ថែមទៀតនូវការវិនិយោគ និងធុរកិច្ចកូរ៉េ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានការកើនឡើងទំហំទឹកប្រាក់ប្រមាណ ៧៧២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩ លានដុល្លារអាមេរិក គឺមានការកើនឡើងប្រមាណ៦%។ លើសពីនេះ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម សម្រេចបាន ៦៥៩លានដុនល្លារ អាមេរិក គឺកើនឡើងដល់៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងន័យនេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គ្រាន់តែពីរសប្តាហ៍ក្នុងខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥ លានដុល្លារអាមេរិក៕ សម្រួលដោយ ទៀង បុណ្ណរី