មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ មន្រ្តីគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរមីន ប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥
សៀមរាប៖ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់អាជ្ញាធរមីន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ មន្រ្តីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងអស់ បន្តប្តេជ្ញាអនុវត្តសម្រេចឲ្យបាននូវទស្សនវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះថ្នាក់ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា សម្តេចតេជោសែន នាយករដ្ឋមន្ត្រី បានប្រគល់សមរភូមិមួយជូនដល់អាជ្ញាធរមីន ហើយត្រូវទទួលជ័យជម្នះជាដាច់ខាត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យអស់ត្រឹមឆ្នាំ២០២៥ ជាពិសេសសម្តេចតេជោ ចង់ឃើញផ្ទៃដីនៅសល់មីនប្រមាណ ៦៧០ គីឡូម៉ែត្រក្រឡា ត្រូវបានដោះស្រាយបញ្ចប់ឲ្យអស់ពីទឹកដីកម្ពុជា។ ឯកឧត្តម លី ធុជ បានណែនាំឲ្យមន្រ្តីបុគ្គលិកអាជ្ញាធរមីន សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការរៀបចំផែនការបោសសម្អាតមីន អោយអស់ដោយចាប់ផ្តើមពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលបានចូលរួមបំពេញការងារសម្រាប់សកម្មភាពមីននៅកម្ពុជា បានយ៉ាងល្អប្រសើរ ដែលទាំងនេះកើតចេញពីបេះដូង ការតាំងចិត្ត ការលះបង់ និងមានឆន្ទ:ខ្ពស់ ព្រមទាំងមានការទទួលស្គាល់ពីប្រមុខថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធផងដែរ។ ការសម្រេចជោគជ័យរយ:ពេល ៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា និងជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះ សម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់លោក ព្រំ សុភមង្គល ដែលចំណាយពេលវេលារបស់ខ្លួនចាប់តាំងពីការបង្កើតអាជ្ញាធរមីន និងដឹកនាំការងារប្រចាំថ្ងៃជាអគ្គលេខាធិការ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ ការងារចំពោះមុខ លោក លី បញ្ញារិទ្ធិ នឹងបន្តដឹកនាំការងារប្រចាំថ្ងៃរបស់អាជ្ញាធរមីន និងសូមជូនពរឲ្យទទួលជោគជ័យបន្ថែមទៀត ដើម្បីភាពរីកចម្រើនសកម្មភាពមីន និងស្ថាប័ន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានដឹកនាំ គ្រប់គ្រង សម្របសម្រួល ត្រួតពិនិត្យ រៀបចំផែនការ និងវាយតម្លៃសកម្មភាពមីន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមានគោលដៅរួម ដើម្បីសម្រេចបាននូវកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ ហើយគោលដៅឆ្នាំ២០២៥ គឺជាគោលដៅ ដែលមន្រ្តីគ្រប់ជាន់ថ្នាក់របស់អាជ្ញាធរមីន និងសហគមន៍សកម្មភាពមីនទាំងមូល មានការប្តេជ្ញាចិត្តខ្ពស់។ ការងារបោសសម្អាតមីនមនុស្សធម៌ គឺជាបេសកកម្មដ៏មោះមុតរបស់យើងទាំងអស់គ្នា ហើយក៏ត្រូវបានសហគមន៍សកម្មភាពមីននៅទូទាំងពិភពលោក ចាត់ទុកថាសកម្មភាពមីន ជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃបំផុតមួយផងដែរ។ រយ:ពេល ៣០ឆ្នាំមកនេះ គឺជាដំណើរដ៏វែងឆ្ងាយ នៃការបំពេញការងារយ៉ាងច្រើនអនេក ដោយជួបប្រទះការលំបាក និងប្រឈមគ្រោះថ្នាក់បំផុត របស់បងប្អូនយើងជាអ្នកដោះមីន។ ទោះបីយ៉ាងណា នេះគឺជាបេសកកម្ម និងការប្តេជ្ញាចិត្តរួមគ្នា ប្រកបដោយទឹកចិត្តសប្បុរស រវាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ៕ សម្រួលដោយ ទៀង បុណ្ណរី