បច្ចុប្បន្នមានរថយន្តជាង ១៧ ម៉ឺនគ្រឿង មិនទាន់ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ
ភ្នំពេញ៖ បច្ចុប្បន្ននេះនៅមានរថយន្តជាង ១៧ ម៉ឺនគ្រឿង នៅមិនទាន់បានចូលទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលហៅថា ឆៀកនៅឡើយនោះទេ នគរបាលអាចឃាត់ និងធ្វើការផាកពិន័យ ដូច្នេះម្ចាស់រថយន្តទាំងនេះត្រូវចូលមក ឆៀករថយន្តឱ្យបានឆាប់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២នេះ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នាឱកាសអញ្ជើញជាអធិបតីសម្ភោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលហៅថា ឆៀក នៅផ្សារដីហុយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅកម្ពុជាមានក្រុមហ៊ុនកំពុងដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំនួន ៤ក្រុមហ៊ុននៅរាជធានីភ្នំពេញ មានទីតាំងត្រួតពិនិត្យ ចំនួន ៨ទីតាំង និងមាននៅតាមបណ្ដាខេត្តចំនួន ១២ខេត្ត ក្រៅពីនេះនៅមានក្រុមឆៀកចល័តបន្ថែមទៀត ដែលជាការផ្ដល់សេវាឱ្យដល់និងគៀកប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវសូមឱ្យម្ចាស់រថយន្តដែលមិនទាន់បានឆៀកត្រឹមត្រូវ ត្រូវឆាប់យករថយន្តមកឆៀកឱ្យបានទាន់ពេលវេលា។ ក្រសួងសាធារណការ បានពិភាក្សាគ្នាជាមួយតំណាងអគ្គស្នងការនគរបាលជាតិ ក៏ដូចជាគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីឆ្មក់មើលរថយន្តនោះថា តើមានលក្ខណៈបច្ចេកទេសត្រឹមត្រូវឬទេ និងថាតើប័ណ្ណបើកបរមានផុតសុពលភាព ឬទេជាដើម ដូច្នេះសូមម្ចាស់យានយន្តគោរពច្បាប់ គឺ២ឆ្នាំត្រូវឆៀកយានយន្តម្ដង ដើម្បីជាពលរដ្ឋល្អ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយកត្តាយានយន្ត ព្រោះថា ក្នុងមួយឆ្នាំគ្រោះថ្នាក់ចរាចរណ៍បានបំផ្លាញសេដ្ឋកិច្ចប្រមាណ ៤៥០លានដុល្លា និងមានអ្នកស្លាប់ក្នុងមួយថ្ងៃជាមធ្យម៥នាក់ ដែលក្នុងមួយខែមានប្រមាណ ១៥០នាក់ ដែលនេះគឺជាចំនួនច្រើនណាស់។ សូមចូលរួមគោរពច្បាប់ ដើម្បីកាត់បន្ថយថវិកាឯកជន និងរដ្ឋ ដែលខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយកុំឱ្យមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៕ សម្រួលដោយ ទៀង បុណ្ណរី