រដ្ឋមន្ត្រីសុខាភិបាល បើកយុទ្ធនាការបំផុសចលនាស្ម័គ្រចិត្តផ្តល់អំណោយឈាម
ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយក្រុមហ៊ុនទឹកពិសា វីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀតរួមមាន កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅបរិវេណទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ។ កម្មវិធីនេះ ជាកម្មវិធីលើកទី១៥ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តផ្តល់អំណោយឈាម ដើម្បីចូលរួមចំណែកបំពេញតម្រូវស្តុកឈាម ដល់អ្នកជំងឺកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។ លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) កម្មវិធីនេះ គឺកើតឡើងបាន ដោយសារមានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផល វីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្តរក្សាបេសកកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥រៀលពីវីតាល់ក្នុង១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភ គាំទ្រដល់ការបង្កើតឲ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដ និងក្តីសប្បុរស។ ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសសើរដល់ទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់និស្សិត សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមទាំងឡាយដែលមានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាមជាទៀងទាត់ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង។ គួរបញ្ចាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការឧបត្ថម្ភ គាំទ្រដោយវីតាល់ រយៈពេល១ថ្ងៃនេះ ទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមប្រមាណជិត៣០០នាក់។ វីតាល់ ដែលមានមូលនិធិ២៥រៀល បានបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភ គាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន៕ សម្រួលដោយ ទៀង បុណ្ណរី