នគរបាលខេត្តព្រះសីហនុ បំបែកសំណុំរឿង ករណីបង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់មួយករណីទៀត ឃាត់ខ្លួនជនជាតិចិនចំនួន២នាក់.!

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបំបែកសំណុំរឿង ករណីចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ ប្រើទារុណកម្ម និងប៉ុនប៉ងមនុស្សឃាត លើជនជាតិចិនម្នាក់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។  នេះបើយោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលអង្គភាព (ធី អិន អឹម ) ទទួលបាននៅព្រឹកថ្ងៃទី២០ ខែធ្នូ…។ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឱ្យដឹងថា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៧ និង ០០នាទីព្រឹក មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។   នៅក្នុងពាក្យបណ្តឹងបានឱ្យដឹងថា នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ គាត់ទទួលបានសារជាវីឌីអូឃ្លីប តាមតេឡេក្រាម មិត្តភក្តិរបស់គាត់ឈ្មោះ GU CHI ភេទប្រុស ជនជាតិចិន។ នៅក្នុងវីឌីអូនោះ បានបង្ហាញពីសកម្មភាពជនមិនស្គាល់មុខមួយក្រុម បានថតរូបមិត្តភក្តិរបស់ខ្លួនទាំងអាក្រាតកាយ និងមានស្លាកស្នាមវាយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងព្រៃមួយកន្លែង និងបានជំរិតទារប្រាក់ចំនួន ៨០,០០០$ ជាថ្នូរនឹងការដោះលែងជនរងគ្រោះ។  បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម កម្លាំងជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១៣ និង ៤០នាទី ថ្ងៃដដែល សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ នៅចំណុចផ្លូវក្បាលឆាយ ស្ថិតនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ខណៈជនសង្ស័យកំពុងដឹកជនរងគ្រោះនៅក្នុងរថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BJ-8652 ។ ជនរងគ្រោះឈ្មោះ លាំង ហ្គូនស៊ាង (LIANG GUN SHENG) ហៅ ហ្គូ ជី (GOU CHI) ភេទប្រុស អាយុ២៤ ឆ្នាំស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ជនរងគ្រោះរងរបួសធ្ងន់ ត្រង់ចង្កេះ ដេរអស់ ១៥ ថ្នេរ។ ចំណែកជនសង្ស័យមិនត្រូវបានគេទម្លាយឱ្យស្គាល់នៅឡើយទេ​។  ដោយឡែកសម្ភារៈដែលបាត់បង់រួមមាន៖ ចិញ្ចៀនពេជ្រ១វង់ និងមាស១វង់ គិតជាប្រាក់តម្លៃ ៩ ០០០$ ។  រីឯវត្ថុតាងចាប់យកបានរួមមាន៖ ទូរសព្ទដៃ២ គ្រឿង ,ម៉ាក IPHONE13 PRO MAX ពីរគ្រឿង។ រថយន្ត១ គ្រឿង ម៉ាក Alphard ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BJ-8652 ។ បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនជនស្ស័យ និងវត្ថុតាងទៅសាលាដំបូងដើម្បីអនុវត្តតាមផ្លូវច្បាប់៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង