ប្រជាពលរដ្ឋ ១១ឃុំ ស្មើនឹង ១ ៩០៥គ្រួសារ នៅស្រុកព្រៃនប់ រងគ្រោះដោយខ្យល់កន្ត្រាក់
តាមរបាយការណ៍ចុះស្រង់ស្ថិតិបឋមរបស់រដ្ឋបាលស្រុកព្រៃនប់ គិតត្រឹមរសៀលថ្ងៃអាទិត្យទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្តីពីផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់តាមបណ្តា ឃុំមួយចំនួនក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបង្កឱ្យខូចខាតដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំក្នុងស្រុកព្រៃនប់ មានចំនួន ១១ឃុំ ស្មើនឹង ១ ៩០៥គ្រួសារ ។ ខ្យល់កន្ត្រាក់បានធ្វើឱ្យប៉ើងដំបូលផ្ទះ ១ ៨៧៨ នឹងរលំផ្ទះ ២៧ខ្នង បង្កឱ្យរងរបួស ៥នាក់ ក្នុងនោះមាន ឃុំបឹងតាព្រហ្មប៉ើងដំបូល ១គ្រួសារ, ឃុំព្រៃនប់ប៉ើងដំបូល ៩គ្រួសារ, ឃុំទួលទទឹងប៉ើងដំបូល ៣៥គ្រួសារ និងរលំផ្ទះ ១ខ្នង, ឃុំអណ្តូងថ្មប៉ើងដំបូល ១៩គ្រួសារ, ឃុំសំរុងប៉ើងដំបូល ១៦៦គ្រួសារ និងរលំផ្ទះ ១ខ្នង, ឃុំវាលរេញប៉ើងដំបូល ២៩២គ្រួសារ និងរលំផ្ទះ ៩ខ្នង, ឃុំជើងគោ ប៉ើងដំបូល ១៩១គ្រួសារ រលំផ្ទះ ២ខ្នង និងរងរបួសមនុស្ស ២នាក់, ឃុំតានៃ ប៉ើងដំបូល ៥៤គ្រួសារ, ឃុំសាមគ្គីប៉ើងដំបូល ១៤៣គ្រួសារ, ឃុំទឹកល្អក់ប៉ើងដំបូល ២២៣គ្រួសារ និងរលំផ្ទះ ២ខ្នង និងរងរបួសមនុស្ស ២នាក់, និងឃុំទឹកថ្លាប៉ើងដំបូល ៧៤៥គ្រួសារ រលំផ្ទះ ១២ខ្នង និងរងរបួសមនុស្ស ១នាក់។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំស្រុកព្រៃនប់ ពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៣ (កំពត-វាលរេញ) តែងតែរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នៅចុងរដូវវស្សាជារៀងរាល់ឆ្នាំ គឺវាអាស្រ័យរងផលប៉ះពាល់តិច ឬច្រើនទៅតាមទំហំខ្យល់ ធ្វើឱ្យប្រជាពលរដ្ឋរងផលប៉ះពាល់ប៉ើងដំបូលផ្ទះ រលំផ្ទះ រងរបួសមនុស្ស និងអាចធ្វើឱ្យខូចខាតផលស្រូវរដូវវស្សាថែមទៀតផងនៅពេលច្រូតកាត់ ហើយតួលេខនេះវាអាចនឹងមានការកើនឡើងបន្តទៀតប្រសិនបើសម្ពា ធខ្យល់នៅតែបន្តបោកបក់។ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ កំពុងមមាញឹកក្នុងការចុះស្រង់ស្ថិតិ និងនាំយកអំណោយសង្គ្រោះចែកជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា៕ សម្រួលដោយ ទៀង បុណ្ណរី