ពីរនាក់ឪពុក និងកូនជាបុគ្គលមានឈ្មោះល្បីដូចគ្នា តែមានជំនាញខុសគ្នា
កញ្ញា សំ ថារ័ត្ន គឺជាកីឡាករល្បុក្កតោមួយរួមដ៏ល្បីល្បាញដោយកញ្ញាធ្លាប់ត្រូវបានម្ចាស់ខ្សែភាពយន្តទាំងជាតិ និងអន្តរជាតិអញ្ជើញទៅសម្ដែងដោយតម្រូវឱ្យកញ្ញាប្រើប្រាស់គុនល្បុក្កតោនេះ ខណៈដែលឪពុកជាតន្ត្រីករ និងកវីនិពន្ធដ៏ល្បីល្បាញកាលពីជំនាន់ដើម ។ មានឈាមជ័រជាអ្នកសិល្បៈ តែបែរជាមានចំណូលចិត្តលើកីឡាក្បាច់គុន កញ្ញា សំ ថារ័ត្ន មានឈាមជ័រជាអ្នកសិល្បៈតន្ត្រី ដោយមានឪពុកជាកវីនិពន្ធ និងជាតន្ត្រីករកាន់ឧបករណ៍វីយូឡុងដ៏ល្បីល្បាញនៅសម័យសង្គមរាស្ត្រនិយម ដោយបាននិពន្ធបទចម្រៀងជាច្រើនសម្រាប់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ទៀតផង ។ កញ្ញាបានប្រាប់ MJQTV ពីដំណើរជីវិតចូលមកក្នុងគុនល្បុក្កតោថា ឪពុករបស់កញ្ញាជាមនុស្សមិនចូលចិត្តនិយាយស្តីអ្វីច្រើននោះទេ ដូចនេះកញ្ញាមិនដឹងថា គាត់គិតអ្វីពីការប្រឡូកក្នុងវិស័យក្បាច់គុនរបស់កញ្ញានោះឡើយ ប៉ុន្តែម្ដាយរបស់កញ្ញាបានស្តីបន្ទោសព្រោះថា កញ្ញាជាស្ត្រី ហើយឪពុកជាតន្ត្រីករល្បីល្បាញទៅផង មិនគួរណាទៅហាត់ក្បាច់គុន វាយ ទាត់ ធាក់យ៉ាងនេះឡើយ។ កញ្ញាបន្តថា «ខ្ញុំឮអ៊ីចឹងខ្ញុំពិបាកចិត្តដែរ ហើយមានអារម្មណ៍ថា ខ្លួនឯងធ្វើឱ្យគាត់ពិបាកចិត្តអ៊ីចឹងទៅណាស់ គិតថា ខ្លួនឯងហ្នឹងអត់បានការហើយចោលម្សៀត អត់ចេះចំណេះដែលឪពុកខ្លួនឯងមាន អត់គិតខំក្រេប ខំអីពីគាត់(ឪពុក)ទេ ។» អ្វីទៅដែលពង្រឹងកម្លាំងចិត្តកញ្ញាឱ្យបន្តហាត់គុនល្បុក្កតោរហូតដល់ល្បីល្បាញ? បើទោះជាមានការស្តីបន្ទោសពីម្ដាយថា ខ្លួនជាស្ត្រីបែរជាទៅហាត់គុនវាយ កាប់ ចាក់ទៅវិញនោះ ប៉ុន្តែកញ្ញាមិនបានបោះបង់ចោលការតាំងចិត្តឡើយ ហើយកញ្ញានៅតែបន្តហាត់ដោយកញ្ញាលើកឡើងថា «ខ្ញុំគិតថា ការស្រឡាញ់ ចំណង់ចំណូលចិត្តផ្សេងៗគ្នា ទោះបីឪពុកឬកូនមានឈាមដូចគ្នាក៏ដោយ នៅមានការគិតផ្សេងគ្នាដែរ អ៊ីចឹងខ្ញុំក៏លួងម៉ាក់ខ្ញុំ ហើយពន្យល់ម៉ាក់ខ្ញុំថា ម៉ាក់កូនអត់បានធ្វើអ្វីមិនល្អសម្រាប់សង្គមទេ កូនអត់បានមានបញ្ហាធ្វើឱ្យអ្នកណាឈឺចាប់ ឬក៏បំពានអ្នកណាទេ ហើយកូនក៏អត់បានជ្រុះឆ្ងាយពីគល់ដែរ កូនរាប់បានថា សិល្បៈ និងកីឡាគឺនៅជាមួយគ្នា វិស័យកម្សាន្តនិងកីឡាគឺនៅជាមួយគ្នា។» បន្ទាប់ពីម្ដាយ និងអ្នកដទៃទៀតជុំវិញខ្លួន បានយល់ពីអ្វីដែលកញ្ញា សំ ថារ័ត្ន បានធ្វើ អ្នកទាំងនោះបានក្លាយជាកម្លាំងចិត្តដ៏សំខាន់ជំរុញឱ្យកញ្ញាកាន់តែខិតខំហ្វឹកហាត់។ ជំនាញ និងមុខរបរដែលបានពីការហាត់ល្បុក្កតោ ដោយកត្តាអំណោយផលពីធម្មជាតិ និងការខិតខំហ្វឹកហាត់ផងនោះ កញ្ញាក៏ត្រូវបានម្ចាស់ផលិតកម្មផលិតភាពយន្តទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនទាក់ទងនាងដើម្បីសម្ដែងកុនទាក់ទងនឹងគុនល្បុក្កតោនេះជាបន្តបន្ទាប់ដូចជា រឿង «មុនដំបូងគេសម្លាប់ប៉ារបស់ខ្ញុំ» « រឿងការរស់ឡើងវិញនៃល្បុក្កតោ» « រឿងJailbreak» និង « រឿងShotgun Wedding» ជាដើម ព្រមទាំងបានឈ្នះពាន់រង្វាន់តារាស្រីឆ្នើមពីមហោស្រពថ្នាក់ជាតិឆ្នាំ២០១៨ទៀតផង។ ក្រៅពីតារាសម្ដែងកុនបែបវាយ តប់ កញ្ញា សំ ថារ័ត្ន ក៏មានអាជីពផ្សេងទៀតដែលអាចនិយាយថាកើតចេញពីការហាត់គុនល្បុក្កតោផងដែរ គឺជាមន្ត្រីនគរបាល និងជាកីឡាករប្រដាល់ផងដែរ។ បើទោះជារវល់ជាមួយកាងារយ៉ាងនេះក្តី សំ ថារ័ត្ន អះអាងថា នាងនៅតែបន្តហាត់គុនល្បុក្កតោ និងបានប្ដេជ្ញាចិត្តយ៉ាងដូច្នេះថា «ទាន់ខ្ញុំនៅមានកម្លាំង ទាន់ខ្ញុំនៅមានវ័យដែលអាចធ្វើទៅបាន ក្នុងនាមខ្ញុំជាអ្នកហាត់ល្បុក្កតោមួយរួមដែរ នឹងបន្តស្រាក់ដៃគ្នាជាមួយសិស្សច្បង សិស្សប្អូន ក្មេងជំនាន់ក្រោយទាំងអស់ នៅតែមានឆន្ទះរួមគ្នាធ្វើយ៉ាងម៉េច បន្តការផ្សព្វផ្សាយល្បុកក្កតោហ្នឹងឱ្យរឹងមាំទោះបីសព្វថ្ងៃនេះចាប់ផ្ដើមល្បីក៏ដោយ ចាប់ផ្ដើមចូលជាបេតិកភណ្ឌពិភពលោកក៏ដោយ ដែលជាជោគជ័យធំបំផុតរបស់កម្ពុជា ក៏ពួកខ្ញុំនឹងនៅតែរក្សាជំហគោរពវិន័យ បន្តផ្សព្វផ្សាយប្រកបដោយភាពត្រឹមត្រូវ និងគុណភាព»៕ រូបភាព៖ Facebook កញ្ញា សំ ថារ័ត្ន សម្រួលដោយ ទៀង បុណ្ណរី