សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២ ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” ប្រព្រឹត្តទៅដោយភាពកក់ក្តៅ មោទនភាព និងការជំរុញទឹកចិត្ត
50
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ គឺជាសកម្មភាពថ្ងៃទី១នៃកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់” ប្រព្រឹត្តទៅដោយភាពកក់ក្តៅ មោទនភាពនិងការជំរុញទឹកចិត្ត ដោយមានការចូលរួមបើកកម្មវិធីបោះជំរំ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា រួមទាំងមានវត្តមាន គណៈកម្មាធិការប្រតិបត្តិ សមាជិកា-សមាជិកគាំទ្រ និងសមាជិកាសកម្មដែលមកពីភ្នំពេញ (CCF) សាខាខេត្តកណ្តាល (ល្វាឯម) សាខាខេត្តកំពត និងសាខាខេត្តសៀមរាប និងក្រុមការងារសម្របសម្រួល សរុបប្រមាណជាង២០០ នាក់។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា ទាំងអស់គ្នាបានមកជួបជុំគ្នានាពេលនេះ ហៅថាការបោះជំរុំខ្នាតធំ ប្រចាំឆ្នាំរបស់សមាគមការងារនារីកាយឬទ្ធិកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺ។ ហេតុអីបានយើងចាប់ផ្ដើមមកថាអំណាចនៃភាពជឿជាក់ ព្រោះថាគោលបំណងនៃការចូលកាន់សមាគមកាយឫទ្ធិនារីកម្ពុជាធ្វើឱ្យប្អូនៗមានភាពជឿជាក់លើខ្លួនឯង ទីពីរបង្កើតភាពទំនាក់ទំនងគ្នា(Network) ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំ និងទីបី សមាជិកសមាជិកាទាំងអស់ទទួលបាននូវចំណេះដឹងជំនាញជាច្រើនទៀតសម្រាប់ការរៀនសូត្រ និងការរស់នៅ។ ក្រៅពីនោះយើងនៅមានសកម្មភាពសង្គមជាច្រើនទៀត។ លោកជំទាវបានបន្តថាទោះបីការបោះជំរំនេះមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែលោកជំទាវជឿជាក់ថាប្អូនៗទទួលបានបទពិសោធន៍ជាច្រើនក្នុងការបោះជំរុំនេះ ព្រោះថាប្អូនមកពីកន្លែងផ្សេងគ្នាលក្ខខណ្ឌផ្សេងគ្នាប៉ុន្តែយើងធ្វើការរួមគ្នាជាក្រុមរំលែកបទពិសោធន៍ទៅវិញទៅមក។ សូមបញ្ជាក់ថា បន្ទាប់ពីសកម្មភាពបើកកម្មវិធីបោះជំរុំ យុវតី និងមេដឹកនាំក្រុម និងប្រធានក្រុមប្រឹក្សាខេត្តនៃសមាជិកាសកម្មទាំងអស់សរុបជាង ១០០ នាក់បានចូលរួមលេងល្បែងកំសាន្ត (Team Building) ដើម្បីរៀនចំណេះដឹងថ្មីៗតាមរយៈការសហការ បង្កើតសាមគ្គីភាព និងស្មារតីក្នុងការទទួលបានជោគជ័យជាក្រុមរួមគ្នាប្រកបដោយភាពសប្បាយរីករាយ និងស្និទ្នស្នាលក្រៃលែង។សម្រួលដោយ ទៀង បុណ្ណរី