រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំគណៈប្រតិភូ ចូលរួមសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ នៅប្រទេសកាណាដា
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន២០រូប មកពីអន្តរក្រសួងស្ថាប័ន ចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Segment) នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UNCBD COP-15) ក្រោមប្រធានបទ “ការលើកកម្ពស់និរន្តរភាពប្រព័ន្ធអេកូឡូស៊ី៖ ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី” នៅទីក្រុងម៉ុងរ៉េអាល ប្រទេសកាណាដា។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Huang Runqiu រដ្ឋមន្រ្តីអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធាន UNCBD COP-15 និងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកទាំង១៩៣ និងអ្នកពាក់ព័ន្ធ សរុបប្រមាណជា១៨ ០០០នាក់។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីធានាបាននូវការគាំទ្រកម្រិតនយោបាយពីបណ្តារដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៅលើពិភពលោក លើការរៀបចំ និងអនុម័តក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF) និងសេចក្តីសម្រេចនានារបស់សន្និសីទ UNCBD COP-15 និងពិធីសារពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចបានតាមរបៀបវារៈឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ ស្តីពី “ការរស់នៅដោយសុខដុមរម្យនាជាមួយធម្មជាតិ”៕ សម្រួលដោយ ទៀង បុណ្ណរី