អ្នកឧកញ៉ា សៀង ណាំ បើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ DBST ប្រវែង ៣ពាន់ម៉ែត្រ បន្ថែមទៀត ក្នុងផ្លូវសរុបជាង ១១គីឡូម៉ែត្រ អំណោយសម្ដេចតេជោ ហ៊ុន សែន នៅស្រុក្រឡាញ់
សៀមរាប៖ អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកក្រឡាញ់ បានបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូ DBST បន្ថែមប្រវែង ៣ពាន់ម៉ែត្រ នៃគម្រោងសរុបជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ពីភូមិចន្លាស់ដៃ ក្នុងឃុំចន្លាស់ដៃ មកជាប់ផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងកម្មវិធីដែលបានធ្វើឡើង នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ណារ៉េត អភិបាលស្ដីទីស្រុកក្រឡាញ់ បានលើកឡើងថា អ្នកឧកញ៉ា សៀង ណាំ បានបន្តជួយស្ថាបនាផ្លូវចាក់កៅស៊ូ DBST បន្តប្រវែង ៣,០០០ម៉ែត្រ នៃប្រវែងផ្លូវសរុប ១១,២០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ពីភូមិចន្លាស់ដៃ ក្នុងឃុំចន្លាស់ដៃ មកជាប់ផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ដែលបានស្ថាបនាកាលពីឆ្នាំ២០១៩កន្លងទៅ បានប្រវែងជាង ៨គីឡូម៉ែត្ររួចរាល់ហើយ ដែលផ្លូវមួយខ្សែនេះ ជាអំណោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈ អ្នកឧកញ៉ា សៀង ណាំ ។ អ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំទាំងនេះ ដែលតែងតែគាំទ្រ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋជានិច្ចជាកាល និងគ្រប់ពេលវេលា ជាក់ស្ដែងដូចជាសមិទ្ធិផលផ្លូវមួយខ្សែនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ។ លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងត្រូវបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពេលខាងមុខនេះ។ លោកបានរំលឹកថា នៅពេលបច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាពិតជាមានមោទនភាព និងកិត្យានុភាពជាតិ ជាបន្តបន្ទាប់ ជាក់ស្ដែងនាពេលថ្មីៗនេះ កម្ពុជាបានទទួលជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក ហើយពិសេសនោះ គឺសម្ដេចដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ មានទាំងផ្លូវ/ថ្នល់, ទឹក, ភ្លើង, និងហេដ្ឋារចនាសម្ព័ន្ធនានា មន្ទីរពេទ្យ/មណ្ឌលសុខភាព សាលារៀន វត្តអារាម ជាដើម។ នៅក្នុងពិធីនោះផងដែរ អ្នកឧកញ៉ា បានចែកអំណោយជូនដល់លោកយាយ លោកតា និង ប្រជាពលរដ្ឋ ៧៧០នាក់ ក្នុងម្នាក់ៗ ទទួលបានត្រីខ ១យួរ និងសារ៉ុងចំនួន១ ចំពោះ ក្មេងមានពិការភាពម្នាក់ ទទួលបានរទេះជនពិការមួយគ្រឿង និងក្រុមការងារធ្វើផ្លូវ ទទួលបានថវិកាចំនួន ១លានរៀល៕ សម្រួលដោយ ទៀង បុណ្ណរី