សម្តេចក្រឡាហោម សម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យបវេល, វិទ្យាល័យល្វា, និង សាលាបឋមសិក្សាស្វាយព្រៃ ស្រុកបវេល
នៅថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានានៅវិទ្យាល័យបវេល, វិទ្យាល័យល្វា, និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីរីករាយជាថ្មីម្ដងទៀត ដែលបានមកជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរ លោកគ្រូអ្នកគ្រូ តាជី យាយជី បងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ក្នុងពិធីសម្ពោធអគារសិក្សាវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយ ព្រៃ ព្រមទាំងសមិទ្ធផលនានា។ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ យុវជន និងសិស្សានុស្សិសទាំងអស់ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថា មានអគារសិក្សាល្អ គ្រូល្អ កម្មវិធីអប់រំល្អ ជាមួយការខិតខំរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការសិក្សារៀនសូត្រ ហើយសម្ដេចសង្ឃឹមថា ធនធានមនុស្សក្នុងស្រុកបវេល នឹងកាន់តែអភិវឌ្ឍន៍រីកចម្រើនថែមទៀត ដើម្បីអនា គតរុងរឿងរបស់សិស្សានុសិស្សដោយផ្ទាល់ ក្រុមគ្រួសារ ក៏ដូចជាភូមិ ឃុំ និងប្រទេសជាតិ។ សមិទ្ធផលដែលបានប្រាព្ធពិធីសម្ពោធនាថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក និងឃុំ នៃស្រុកបវេល និង សប្បុរសជននានា សរុបថវិកាចំណាយចំនួន ៤៨៦ ០៥៣ ដុល្លារអាម៉េរិក ៕