ក្រសួង-ស្ថាប័នចំនួន៣០បានបង្កើត និងកំពុងអនុវត្តផែនការបញ្ជ្រាបយេនឌ័រតាមវិស័យ
រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា មកដល់បច្ចុប្បន្ននេះ មានក្រសួង-ស្ថាប័នចំនួន៣០ បានបង្កើតនិងកំពុងអនុវត្តផែនការបញ្ជ្រាបយេនឌ័រតាមវិស័យ ព្រមទាំងបានទទួលថវិការដ្ឋនិងថវិកាដៃគូពាក់ព័ន្ធ ដើម្បីអនុវត្តផែនការបញ្ជ្រាបយេនឌ័រតាមវិស័យរបស់ខ្លួន ដែលក្រសួងស្ថាប័នទាំងនោះ បានរៀបចំផែនការសកម្មភាព និងគិតគូរការវិភាជន៍ថវិកាឱ្យឆ្លើយតបនឹងយេនឌ័រ ។ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រសួង-ស្ថាប័ន នាសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការ នារី បានមានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះគឺជាព្រឹត្តិការប្រចាំឆ្នាំដែលតែងតែរៀបចំនិងជួបជុំគ្នា ដើម្បីពិនិត្យលើវឌ្ឍនភាព , ចែក រំលែកមេរៀន បទពិសោធ ពិនិត្យលើបញ្ហាប្រឈម ចំណុចខ្លាំង ព្រមទាំងកាលានុវត្តភាពនានា និងលើកទិសដៅអាទិភាពបន្ត ។ សម្រាប់ឆ្នាំនេះ កិច្ចប្រជុំនេះកាន់តែចាំបាច់ ដោយសារកំពុងស្ថិតនៅបរិបទនៃការផ្លាស់ប្ដូររបៀបនៃការ រស់នៅ តាមគន្លងប្រក្រតីភាពថ្មី និងនៅក្នុងសភាពការណ៍សង្គមដែលមានការវិវត្តយ៉ាងឆាប់រហ័ស ។ ជាមួយគ្នានេះ ក៏អាចប្រើប្រាស់ឱកាសនេះ ដើម្បីស្វែងយល់អំពីទិដ្ឋភាពថ្មីៗ និងអាចឈានទៅ ធ្វើការកែលំអយុទ្ធសាស្ត្រឱ្យបានទាន់ ពេល និងប្រកបដោយបុរេសកម្មផងដែរ ។លោកជំទាវបានបន្តថា ក្រុមការងារបញ្ជ្រាបយេនឌ័រ (ដែលហៅថា GMAG) ជាយន្តការតាមវិស័យ និង ក្រសួង-ស្ថាប័ន ដែលបានបង្កើតចាប់ពីឆ្នាំ២០០៥ ដែលមានមុខងារផ្តោតលើការលើកកម្ពស់និងជំរុញការឆ្លើយតបនឹងបញ្ហាយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅតាមវិស័យ ជាពិសេសតាមរយៈការររៀបចំ និងអនុវត្ត ផែនការសកម្មភាព បញ្ជ្រាបយេនឌ័រ (ដែលហៅថា GMAP) ។ « ក្រុមការងារបញ្ជ្រាបយេនឌ័រតាមក្រសួង-ស្ថាប័ន ជាយន្តការអន្តរវិស័យនៅក្នុងស្ថាប័ន ដោយមានសមាសភាពមកពីតំណាងអង្គភាពបច្ចេកទេសចំណុះនានា ដើម្បីបង្កើនការយល់ដឹង លើកឡើងនូវតម្រូវការ បញ្ហាយេនឌ័រ និងស្វែងដំណោះស្រាយឆ្លើយតបនឹងយេនឌ័រ នៅក្នុងអង្គភាពរបស់ខ្លួន ។ ក្នុងរយៈពេល១៧ឆ្នាំមកនេះ ក្រសួង-ស្ថាប័ន ចំនួន ៣០ បានបង្កើត និងកំពុងអនុវត្តផែនការបញ្ជ្រាប យេនឌ័រតាមវិស័យ ព្រមទាំងបានទទួលថវិការដ្ឋ និងថវិកាដៃគូពាក់ព័ន្ធ ។ នៅក្នុងកិច្ចការនេះ, ក្រសួងកិច្ចការនារី បានដើរតួជាអ្នកសម្របសម្រួល និងគាំទ្របច្ចេកទេស ដោយធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយក្រុមការងារ បញ្ជ្រាបយេនឌ័រ តាមរយៈទំនាក់ ទំនងទ្វេភាគី និងកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ក្នុងគោលបំណងឆ្លុះ បញ្ចាំងពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារ និងពិភាក្សាកំណត់ទិសដៅបន្ត ក្នុងការអនុវត្តការងារបញ្ជ្រាបយេនឌ័រតាមវិស័យ » ។សូមបញ្ជាក់ថា ការងារបញ្ជ្រាបយេនឌ័រនៅតាមក្រសួង-ស្ថាប័ននិងតាមវិស័យ មានអភិក្រមសំខាន់ៗ ចំនួន៥រួមមាន ៖១). កម្មវិធីភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងក្រសួង និងភាពជាអ្នកដឹកនាំដើម្បីសមភាពយេនឌ័រ ២). គោលការណ៍ជ្រើស រើសមន្ត្រីរាជការជានារី តាមក្រសួង- ស្ថាប័ន ពី២០ ទៅ៥០% ៣). ការ រៀបចំថវិកាសម្រាប់គាំទ្រយេនឌ័រ និងថវិកាតាមវិស័យដែលឆ្លើយតបយេនឌ័រ ៤). ការបញ្ជ្រាបយេនឌ័រ ក្នុងក្របខណ្ឌគោលនយោបាយ និងកម្មវិធីតាមវិស័យរបស់ខ្លួន ៥). ក្រុមការងារបញ្ជ្រាបយេនឌ័រ និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ៕ សម្រួលដោយ ទៀង បុណ្ណរី