ក្រសួងបរិស្ថាន បានចូលរួមចែករំលែកបទពិសោធន៍ នៃការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងដែលរៀបចំដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ស្តីពី «ការបញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែកសម្រាប់ក្រសួង ៨» ជូនដល់ថ្នាក់ដឹកនាំក្រសួង អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល នៃក្រសួងចំនួន ៨ ដែលត្រៀមចូលរួមអនុវត្តនីតិវិធីថ្មីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ខាងមុខ ដែលមានសិក្ខាកាមចូលរួមប្រមាណជាង២០០នាក់ តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ នៅក្នុងការចែករំលែកបទពិសោធន៍នៃកម្មវិធីនេះ ក្រសួងបរិស្ថាន ត្រូវបានជ្រើសរើសជាក្រសួងគំរូ ដែលបានចូលរួមអនុវត្តដំបូងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ឱ្យក្រសួងស្ថាប័នផ្សេងៗ យកទៅអនុវត្តបន្តនោះគឺ៖ •ដោយក្រសួងបរិស្ថានមានគោលការណ៍បង្កើតនូវអង្គភាពថវិកាច្បាស់លាស់ចំនួន ៥កម្មវិធី និងអង្គភាពថវិកាចំណុះចំនួន៣១ នៅឆ្នាំ២០១៥ និងបានអនុវត្តថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៦ ដោយការបង្កើតថវិកាកម្មវិធីនីមួយៗ ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងបរិស្ថានដែលមានរចនាសម្ព័ន្ធដឹកនាំនៅថ្នាក់អគ្គនាយកដ្ឋាន និងកម្រិតថ្នាក់មន្ទីររាជធានី ខេត្ត ត្រូវបានផ្តល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិពេញលេញ
•ដោយឈរលើគោលការណ៍នេះ នៅឆ្នាំ២០១៨ ក្រសួងបរិស្ថាន បានចាប់ផ្តើមអនុប្រព័ន្ធ FMIS ដំបូង លើមុខងារចំនួន៤៖ ១)មុខងារវិភោជន៍ ២)មុខងារបញ្ជាទិញ ៣)មុខងារគណនេយ្យត្រូវសង ៤)មុខងារគណនេយ្យ។ នៅឆ្នាំ២០២១ បានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ FMIS ពេញលេញទៅលើមុខចំណាយទូទាត់បៀវត្ស និងមុខចំណាយដែលមានហានិភ័យទាប (ទឹក អគ្គិសនី សេវាទូរស័ព្ទ…) ដោយមិនប្រើឯកសារខាងក្រៅ ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឡើយ។
នៅឆ្នាំ២០២២ ក្រសួងបរិស្ថានអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត (ចំណាយទូទាត់ត្រង់ កិច្ចលទ្ធកម្ម និងរជ្ជទេយ្យបុរេប្រទាន) តាមរយៈការចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ពេលវេលា ពីបីដង មកមួយដង ពីច្រើនដំណាក់កាលមកតិច និងបានចូលរួមកាត់បន្ថយបន្ទុកការងាររដ្ឋបាល ឈប់ប្រើឯកសាររទាំងស្រុង ចំណេញពេលវេលា រហ័ស មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តថវិកា ជាពិសេសភាពងាយស្រួលពិនិត្យ និងតាមដានលើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធកម្ម។
ជារួមការអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការកែប្រែរបៀបធ្វើការងារ ទាំងការគ្រប់គ្រង និងកត់ត្រាព័ត៌មានហិរញ្ញវត្ថុដោយដៃ មកជាការកត់ត្រា និងគ្រប់គ្រងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ ដោយប្រព័ន្ធបានជួយដោះស្រាយនូវភាពស្មុគស្មាញមួយចំនួននៃការអនុវត្តនីតិវិធី និងការគ្រប់គ្រងទិន្នន័យដែលមានភាពច្បាស់លាស់ និង ចំណេញពេលវេលាច្រើន៕ សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង