ក្រុមហ៊ុនដាក់លូមួយ នៅស្រុករមាសហែក ធ្វើខុសស្តង់ដាបច្ចេកទេស ត្រូវក្រុមប្រឹក្សាឃុំ ឲ្យរុះរើនិងដាក់តាមកិច្ចសន្យា
ស្វាយរៀង៖ ក្រុមប្រឹក្សាឃុំអណ្តូងពោធិ បានប្រតិកម្មករណីក្រុមហ៊ុន «ភារម្យ» ដែលទទួលការដាក់លូ បង្ហូទឹក១ខ្សែប្រវែង១២៣ម៉ែត្រ ថាដាក់ខុសស្តង់ដាបច្ចេកទេសនៃកិច្ចសន្យា ដោយឲ្យក្រុមហ៊ុនរុះរើ រៀបចំដាក់លូសារជាថ្មី តាមស្តង់ដានៃកិច្ចសន្យា។ ការប្រតិកម្មនេះកើតឡើងកាលពីថ្ងៃទី១០ ខែធ្នូ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅភូមិត្រពាំងត្បាល់ ឃុំអណ្តូងពោធិ ស្រុករមាសហែក។ បើតាមក្រុមប្រឹក្សាឃុំអណ្តូងពោធិ បានឲ្យដឹងថា ឃុំអណ្តូងពោធិ បានទទួលគម្រោង ដាក់លូ បណ្តោះទឹក១ខ្សែ ប្រវែង១២៣ម៉ែត្រ ទទឹងមុខកាត់លូ ១ម៉ែត្រ«១០០» នៅអមផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិត្រពាំងត្បាល់ឃុំអណ្តូងពោធិ ស្រុករមាសហែក ដែលដាក់ដេញថ្លៃ បានទៅក្រុមហ៊ុន «ភារម្យ» ជាអ្នកទទួលការក្នុងតម្លៃទឹកប្រាក់៤២លានរៀល (សែសិបពីលានរៀល)ដោយចាប់ផ្តើមអនុវត្តគម្រោងចាប់ពីថ្ងៃ០៦ធ្នូ២០២២ មក។ ប្រភពបន្តថា ក្រុមបច្ចេកទេសឃុំបានពិនិត្យដំណើរការអនុវត្តគម្រោង របស់ក្រុមហ៊ុន ភារម្យ ឃើញថា បានរៀបចំដាក់លូ ខុសស្តង់ដាបច្ចេកទេសនៃកិច្ចសន្យា។ ក្នុងកិច្ចសន្យា គឺដាក់លូបណ្តោះទឹកប្រវែង១២៣ម៉ែត្រមុខកាត់លូ១០០ ក្នុងតម្លៃដេញថ្លៃបាន៤២លានរៀល ស្តារប្រឡាយចាស់ (ដែលមានទំហំ ទទឹង០៤ម៉ែត្រ ជម្រៅ២,៥០ម៉ែត្រ) បូមទឹក កាយល្បាប់ចេញ ចាក់ដី បង្ហាប់ ដាក់ខ្សាច់ ថ្ម ឡប់ឡែ ក្រាលបាត ដាក់លូ។ ជាក់ស្តែង ក្រុមហ៊ុនបានបូមទឹកប្រឡាយចេញរួច កាយដីទំនប់ប្រឡាយទម្លាក់ក្នុងប្រឡាយ ហើយដាក់លូតែម្តង គឺខុសបច្ចេកទេសនៃកិច្ចសន្យាទទួលការ ទើបក្រុមប្រឹក្សាឃុំចុះទៅពិនិត្យឃើញថា ក្រុមហ៊ុនមិនអនុវត្តតាមកិច្ចសន្យា ទើបប្រតិកម្ម ឲ្យក្រុមហ៊ុនរុះរើ ដាក់លូសាជាថ្មីតាមស្តង់ដាបច្ចេកទេសនៃកិច្ចសន្យា។ ក្រោយមក ក្រុមហ៊ុន បានកាយដីលើមាត់ប្រឡាយជាប់ទំនប់ប្រឡាយ ដាក់លូតែម្តងដោយពុំបានក្រាលបាតខ្ពស់ជាងនីវ៉ូទឹកប្រឡាយ ទើបក្រុមប្រឹក្សាឃុំសុំឲ្យក្រុមហ៊ុន ដោះស្រាយនិងមើលកិច្ចសន្យា ឡើងវិញ។ ទាក់ទិនករណីនេះដែរ លោកព្រាប ប៊ុនថុល មេឃុំ អណ្តូងពោធិ បានប្រាប់ឲ្យដឹងថា ក្រោយពី ក្រុមប្រឹក្សាឃុំចុះពិនិត្យ ហើយសុំឲ្យក្រុមហ៊ុនកែតម្រូវ ដោយប្រឡាយ មានទំហំធំ ៤ម៉ែត្រ ជម្រៅ២ម៉ែត្រកន្លះ ជ្រៅ ហើយមានទឹកដីល្បាប់ និងទាបជ្រៅជាងមាត់លូ កាត់ផ្លូវជាតិលេខ១៣ ក៏បានរាយការណ៍ជូនលោកអភិបាលស្រុករមាសហែក សុំឲ្យមន្ត្រីជំនាញបច្ចេកទេសចុះសិក្សា ក៏បានសម្រេច ឲ្យក្រុមហ៊ុនកាយដី មាត់ប្រឡាយតាមបណ្តោយទំនប់ប្រឡាយ ជម្រៅស្មើ មាត់លូ កាត់ផ្លូវជាតិលេខ១៣ ដាក់លូ តាមស្តង់ដាបច្ចេកទេស និងតម្រូវឲ្យក្រុមហ៊ុនរកដីមកលប់ប្រឡាយ និងទំនប់ឡើងវិញឲ្យស្មើទំនប់ចាស់ ទើបក្រុមប្រឹក្សាឃុំទទួលយក។ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានឲ្យដឹងថា បើតាមការចុះពិនិត្យរបស់ក្រុមច្ចេកទេស គឺការសម្រេចដាក់លូលើមាត់ប្រឡាយ លោកអាចទទួលយកបាន ដោយតម្រូវឲ្យក្រុមហ៊ុនកាយដី វាស់នីវ៉ូ ឲ្យស្មើមាត់លូ ដាក់កាត់ថ្នល់ផ្លូវជាតិលេខ១៣ ក្រាលខ្សាច់ថ្មឡប់ឡែរួចដាក់លូ និងរៀបឥដ្ឋធ្វើរបាំងការពារដីច្រោះ គឺអាចទទួលយកបាន។ លោក ស៊ូ ម៉ុល បានលើកឡើងថា តាមពិតនៅទីតាំងដាក់លូនេះគឺដោយសារ កន្លងមកក្រុមប្រឹក្សាឃុំអណ្តូងពោធិ បានលើកគម្រោងជីកប្រឡាយ ១ខ្សែដើម្បីយកទឹកស្តុកទុកនូវរដូវប្រាំង ហើយការជីកប្រឡាយទឹកនោះមានទំហំ៤ម៉ែត្រជម្រៅ២ម៉ែត្រកន្លះ អែបកៀកជិតផ្លូវជាតិលេខ១៣ ដូច្នេះប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តលោកខ្លាចទឹកហូបាក់ច្រោះដីដល់ផ្លូវជាតិលេខ១៣ ទើបឲ្យក្រុមប្រឹក្សាឃុំលើគម្រោងដាក់លូនេះបញ្ជៀសទឹក ការបាក់ដីដល់ផ្លូវជាតិ ហើយជាគម្រោងឆ្នាំ២០២១ ក៏ប៉ុន្តែដោយមានទឹកច្រើនមិនអាចធ្វើបានទើបលើកមកធ្វើនៅឆ្នាំ២០២២នេះ។ លោកបានបន្ថែមថា ហើយនៅឆ្នាំ២០២១ គឺមានគម្រោង២ គឺគម្រោងផ្លូវលំមួយខ្សែប្រវែង២,៥០០ម៉ែត្រ ក្រាលថ្មបំបែក ដែលមានតម្លៃទឹកប្រាក់១២០លានរៀល ដែលក្រុមហ៊ុន «ភារម្យ»ដេញថ្លៃបានសាងសង់រួចហើយក្នុងឆ្នាំ២០២១ នៅសល់គម្រោងដាក់លូ ១២៣ម៉ែត្រនេះទើបតែដំណើរការអនុវត្តគម្រោងតម្លៃទឹកប្រាក់ ៤២លានរៀល។ រដ្ឋបាលស្រុក សហការជាមួយមន្ត្រីលទ្ធកម្មខេត្តនិងក្រុមប្រឹក្សាឃុំ ចុះពិនិត្យស្តង់ដាបច្ចេកទេស លុះត្រាតែត្រឹមត្រូវតាមកិច្ចសន្យាទើបទទួលយក៕ សម្រួលដោយ ទៀង បុណ្ណរី