ទូតអូស្រ្តាលី សម្តែងសេចក្តី​រីករាយ និងអបអរជាថ្មី ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០និងទី ៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម​ Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវប ញ្ចប់អាណត្តិបេសកកម្មការទូត នាពេល ឆាប់ៗខាងមុខ និង ដើម្បីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia-Australia Partnership for Resilient Economic Development, CAP RED) ​Program ។ ក្នុងជំនួបសម្តែងការគួរសមដើម្បីជម្រាបលាខាងលើ ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលី បានសម្តែងនូវសេចក្តី​រីករាយ និងអបអរជាថ្មី ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០និងទី ៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅថ្ងៃទី ១៣-១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវមោទនភាពចំពោះសមិទ្ធផល ដែលសម្រេចបានជាផ្លែផ្ការបស់រដ្ឋាភិបាលទាំងពីរ ក្នុង​អាណត្តិ បេសកកម្មការទូតរបស់ឯកឧត្ដម ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេស ការ​សម្រេចបាន​នូវការផ្ដល់​ហិរញ្ញប្បទានឥតសំណង សម្រាប់ជួយកម្ពុជា​ក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យ កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, ការគាំពារសង្គម, សកម្មភាពកំចាត់មីននៅកម្ពុជា, ការចូលរួមប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩, ថាមពលស្អាត និងការវិនិយោគបៃតង, និងការជួយរៀបចំសេចក្ដីព្រាងឯកសារគោលនយោ បា យ​មួយចំនួនទៀត។ល។ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលី បានជម្រាបថា កម្មវិធី CAP RED ត្រូវបានហិរញ្ញប្បទានតាមរយ:​​មូលនិធិពីក្រសួង​ការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាល​អូស្រ្តាលី​ តាមរយៈស្ថានទូត​អូស្រ្តាលី​ប្រចាំនៅកម្ពុជា នូវហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៨៧ លាន ដុល្លារអូស្រ្តាលី (ប្រមាណ ៦៥ លាន ដុល្លារអាមេរិក) សម្រាប់រយៈពេល ៥​ ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៧ ។ កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាង វិស័យ​ឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ភាពធន់ និង​​បរិយាប័ន្ន ដោយផ្តោតលើវិស័យគោលចំនួន ៤ គឺ ១.ហេដ្ឋារចនាសម្ព័ន្ធ; ២.ពាណិជ្ជកម្ម និងវិនិយោគ; ៣.កសិកម្ម និងកសិឧស្សាហកម្ម; និង ៤.យេនឌ័រ និងបរិយាប័ន្ន ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះបេសកកម្ម ការទូតប្រកបដោយជោគជ័យ​របស់ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ។ ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បាន​ថ្លែងអំណរគុណផងដែរ​ ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែ​បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម និងសុខមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយ:ការផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងពេលអន្តរកាលនេះ ។​​ ជាថ្មីម្ដងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះ ចំណងការទូតរវាងរាជរដ្ឋាភិបាលនៃប្រទេសទំាងពីរ ជាពិសេស​ តាមរយៈកិច្ចខិតខំរបស់​ឯកឧត្តមឯកអគ្គរាជទូត​ Pablo Kang រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចសម្របសម្រួ លបំពេញបន្ថែម​ សម្រាប់​​កម្មវិធីភាពជាដៃគូ​ កម្ពុជា-អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយភាពធន់ (Subsidiary Arrangement for CAP RED Program) នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ នេះ ។ កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ គឺជាឯកសារគោលសម្រាប់​រៀបចំយន្តការជាក់ស្ដែង ដើម្បី​ឈានដល់ការអនុវត្តប្រកបដោយជោគជ័យ នូវ​កម្មវិធី CAP RED ដែលជា​ក្របខ័ណ្ឌ​រួម​នៃការ​ផ្ដល់ហិរញ្ញប្បទាន​ឥតសំណង​របស់​ក្រសួង​ការបរទេស និងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា ។ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការវាយតម្លៃខ្ពស់សារជាថ្មីចំពោះការបញ្ចប់​បេសកកម្ម​ការទូតប្រកបដោយជោគជ័យរបស់ឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និង​បាន​​ជូនពរឯកឧត្ដមឯកអគ្គរាជទូត ទទួលបាននូវ​ភាពជោគជ័យក្នុងបេ​ស​ក​កម្មថ្មី​ខាងមុខ និងបានសម្តែងនូវភាពសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការ អូស្រ្តាលី-កម្ពុជា នឹងកាន់តែរឹងមាំ និងផ្ដល់​លទ្ធផលជាផ្លែផ្កា, ទាំងក្នុងក្របខណ្ឌទ្វេភាគី, ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង