Update៖ ករណីវាយអធិការរងខណ្ឌច្បារអំពៅៈបែកក្បាលនិងបែកមាត់ ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍!
ភ្នំពេញ៖ មហាជនប្រាកដជា បានជ្រាបរួចមកហើយ នូវករណីហិង្សាដែលល្បី ពេញបណ្ដាញសង្គម”ហ្វេសប៊ុក”ដោយលោក ហេង សុវណ្ណដារ៉ា អធិការរងខណ្ឌច្បារអំពៅ ត្រូវគេវាយចំនួន៩ដៃ ចំគោលដៅ៣ដៃ ខុសគោលដៅ៦ដៃ បែកមាត់និង បែកក្បាល ចុងក្រោយជនដៃដល់ត្រូវបានដោះលែងវិញភ្លាមៗ តាមបទបញ្ជាព្រះរាជអាជ្ញារង បណ្ដាលឱ្យជនរងគ្រោះ សម្ដែងការហួសចិត្តជាខ្លាំង!ហេតុការណ៍នេះបានកើតឡើង នៅចំណុចមុខហាងលក់សម្ភារៈយីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺថាៈ នៅមុនពេលកើតហេតុ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ ២X-៥៧០៤ (អ្នកបើកបរ ឈ្មោះ គីម ហេង ជនជាតិ វៀតណាម) ។ជាមួយម៉ូតូម៉ាក Honda ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក (អ្នកបើកបរ ឈ្មោះ ឌី ជនជាតិ ខ្មែរ ជាកម្មករ) នៅចំណុចមុខហាងលក់សម្ភារៈយីហោ “២៥០០” ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្តាលឲ្យរថយន្តបែកស្តុបក្រោយខាងឆ្វេង និងកំពិតទ្វារខាងឆ្វេង រួចឈ្មោះ ប៉ែន ផល្លា (ជាម្ចាស់ម៉ូតូ) ។
បានចេញមុខធ្វើការដោះស្រាយសងការខូចខាតជាមួយម្ចាស់រថយន្ត ឈ្មោះ គីម ហេង ជំនួសឈ្មោះ ឌី រួចហើយពេលនោះ ឈ្មោះ ប៉ែន ផល្លា ក៏អូសរ៉ឺម៉កចូលខាង ស្រាប់តែឈ្មោះ ហេង សុវណ្ណដារ៉ា (អធិការរងខណ្ឌច្បារអំពៅ) ស្លៀកពាក់ស៊ីវិលជិៈម៉ូតូមកដល់ស្គាល់ម្ចាស់រថយន្តក៏សួរនាំ រួចឈ្មោះ គីម ហេង ប្រាប់ថាមានបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កបុករថយន្តរបស់ឈ្មោះ ឌី រួចឈ្មោះ ហេង សុវណ្ណដារ៉ា ពុំបានសួរនាំរឿងហេតុដឹងសព្វគ្រប់អស់ទេ ក៏ទៅចាប់ទាញដៃឈ្មោះ ប៉ែន ផល្លា មិនឲ្យអូសម៉ូតូចេញទៅណា ហើយក៏ឈ្លោះប្រកែកគ្នា រួចឈ្មោះ ហេង សុវណ្ណដារ៉ា ក៏ជេរឈ្មោះ ប៉ែន ផល្លា ថាអាចុយម្រាយ ថែមទាំងទាញកអាវប្រតាយប្រតប់គ្នា រួចឈ្មោះ ប៉ែន ផល្លា វាយឈ្មោះ ហេង សុវណ្ណដារ៉ា របួសក្បាល១កន្លែង និងបែកមាត់ ចំណែក ឈ្មោះ ប៉ែន ផល្លា របួសកំភូនដៃខាងស្តាំ បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចចុះអន្តរាមន៍ហៅឈ្មោះ ហេង សុវណ្ណដារ៉ា និងឈ្មោះ ប៉ែន ផល្លា មកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីធ្វើការសាកសួរ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានសុំគោលការណ៍ពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ហេង ផេង ព្រះរាជអាជ្ញារង ដើម្បីឃាត់ខ្លួនឈ្មោះ ប៉ែន ផល្លា នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្រហែល១ម៉ោងក្រោយមកលោកព្រះរាជអាជ្ញារង ក៏ទាក់ទងមកអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីធានា និងធ្វើកិច្ចសន្យាឈ្មោះ ប៉ែន ផល្លា ឲ្យត្រលប់ទៅលំនៅដ្ឋានវិញជាបណ្តោះអាសន្នបច្ចុប្បន្នៈ សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ជាក់ស្តែងសំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំណាត់ការបន្តផ្នែកច្បាប់នឹងត្រូវអនុវត្ត ចំពោះការអនុញ្ញាតិឲ្យជនបង្កដែលមានអ្នកធានា និងធ្វេីកិច្ចសន្យាឲ្យត្រឡប់ទៅគេហដ្ឋានវិញជាបណ្តោះអាសន្ន ជាការអនុញ្ញាតិរបស់លោកព្រះរាជអជ្ញាររង។ជាមួយគ្នានោះ កាលពីល្ងាចថ្ងៃទី១០.១២.២០២២ លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានថ្លែងប្រាប់«ដើមរាំង»ថា”មុនដោះលែងគឺលោកបានធ្វើកំណត់ហេតុត្រឹមត្រូវ។ ហើយការដោះលែងនោះ គឺអនុវត្តតាមបទបញ្ជា ព្រះរាជអាជ្ញារង ទទួលបន្ទុកខណ្ឌច្បារអំពៅ”យោងតាមការបញ្ជាក់ របស់សមត្ថកិច្ចខណ្ឌច្បារអំពៅ និងស្នងការរាជធានីភ្នំពេញ គឺជនដៃដល់ត្រូវបានដោះលែងប្រាកដមែន ដោយបញ្ជូន តែសំណុំរឿងទៅតុលាការតែប៉ុណ្ណោះ ករណីនេះ បណ្ដាលឱ្យជនរងគ្រោះសម្ដែងការឈឺចាប់ និងកំពុងដង្ហើយរកយុត្តិធម៌។
ដោយបង្ហោះ facebook ថា«យុត្តិធម៌.ឯណាទៅយុត្តធម៌ បើខ្ញុំជានគរបាលមានឋានៈ ជាអធិការរងខណ្ឌច្បារអំពៅ ហើយត្រូវគេវាយបែកក្បាល បែកមាត់ ហើយនគរបាលប៉ុស្តិ៍នាំជនបង្កយកទៅដល់ប៉ុស្តិ៍នគរបាលនិរោធ ដាក់ពាក្យប្ដឹង ហើយបញ្ជូនជនបង្កទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បែរជាអធិការដ្ឋាននគរបាល អនុញ្ញាតឱ្យជនបង្កទៅផ្ទះ មានសេរីភាព ដោយមិនប្រាប់ខ្ញុំមួយម៉ាត់ នេះអង្គភាពខ្លួនឯងផ្ទាល់ផង»៕ សម្រួលដោយ ទៀង បុណ្ណរី