ប្រតិបត្ដិករទេសចរណ៍តំបន់អង្គរ អំពាវនាវដល់ភ្ញៀវទេសចរចូលរួមឲ្យបានច្រើនក្នុងព្រឹត្ដិការណ៍ ”រំលឹកគុណអង្គរ” នាពេលខាងមុខនេះ !

សៀមរាប៖ ក្រុមប្រតិបត្ដិករទេសចរណ៍នៅខាងមុខប្រាសាទអង្គរវត្ដ បានអំពាវនាវដល់អ្នកទេសចរជាតិ និងអន្ដរជាតិ សូមមកចូលរួមឲ្យបានច្រើន ក្នុងព្រឹត្ដិការណ៍ “រំលឹកគុណអង្គរ” ដែលនឹងប្រព្រឹត្តិទៅរយ:ពេល ៣ថ្ងៃ នៅខាងមុខប្រាសាទអង្គរវត្ដ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជាការលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋាននេះ។លោក សាត មាស ប្រតិបត្ដិករទេសចរណ៍នៅខាងមុខប្រាសាទអង្គរ បានបង្ហាញថា ព្រឹត្ដិការណ៍”រំលឹកគុណអង្គរ” គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាការបង្ហាញពីវប្បធម៌ អរិយធម៌របស់ខ្មែរ ដែលបានបន្សល់ទុកដល់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាការតាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល ៣០ឆ្នាំកន្លងមក របស់អាជ្ញាធរជាតិអប្សរា រួមទាំងស្នាដៃសិល្ប:ខ្មែរជាច្រើន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ។ ដូចនេះកូនខ្មែរគ្រប់រូបគួរចូលរួមទស្សនាឱ្យបានច្រើន ដើម្បីសិក្សាស្វែងយល់ អំពីតម្លៃ នៃវប្បធម៌ជាតិយើង។ សម្រាប់ពិធីនេះដែរ ជាការទាក់ទាញអ្នកទេសចរអន្ដរជាតិ មកកំសាន្ដនៅលើទឹកដីដ៏អច្ឆរិយ:មួយនេះ។ ប្រតិបត្ដិករទេសចរណ៍នៅខាងមុខប្រាសាទអង្គរ ដូចគ្នាដែរនោះ លោក ដួង វិសិទ្ធ ក៏បានបង្ហាញការគាំទ្រនូវការរៀបចំព្រឹត្ដិការណ៍ “រំលឹកគុណអង្គរ” នេះឡើង ព្រោះវាជាការបង្ហាញនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដល់សាធារណជន រួមទាំងអ្នកទេសចរអន្ដរជាតិ ឱ្យកាន់តែចាប់អារម្មណ៍ពីរមណីយដ្ឋានអង្គរ កាន់តែខ្លាំង។ លោកបន្ថែមថា ព្រឹត្ដិការណ៍នេះកាលពីឆ្នាំមុនកន្លងទៅ មានអ្នកទេសចរជាតិ និងអន្ដរជាតិជាច្រើនបានចូលរួមទស្សនា ព្រោះរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរជាតិអប្សរា បានប្រារព្ធឡើង ដើម្បីអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជារំលឹកគុណដល់បុព្វការីជន់ជំនាន់មុន ជាពិសេសអតីតព្រះមហាក្សត្រគ្រប់ជំនាន់ ដែលបានកសាងប្រាសាទបុរាណដ៏មានតម្លៃនេះឡើង។ ហើយលោករំពឹងថា ព្រឹត្ដិការណ៍លើកទី២ នេះដែរ នឹងមានអ្នកទេសចរគ្រប់ជាតិសាសន៍មកកំសាន្តមានការកើនឡើងផងដែរ។ សូមជម្រាបថា ព្រឹត្ដិការណ៍ “រំលឹកគុណអង្គរ” នឹងប្រព្រឹត្តិទៅរយ:ពេល ៣ថ្ងៃ នៅខាងមុខប្រាសាទអង្គរវត្ដ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ សម្រាប់ឆ្នាំ២០២២នេះ ជាឆ្នាំទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹតិ្តការណ៍នេះឡើង ក្នុងគោលបំណងរំលឹកនឹកគុណដល់អង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង