វិស្វករកម្ពុជាចំនួន ៦៧នាក់ ទទួលបានមេដាយកិត្តិយសផ្សេងៗពីសហព័ន្ធវិស្វកម្មអាស៊ាន

ភ្នំពេញ៖ វិស្វករនិងក្រុមហ៊ុនសាងសង់នៅកម្ពុជាដែលមានស្នាដៃឆ្នើមក្នុងវិស័យវិស្វកម្មសរុបចំនួន៦៧នាក់ ទទួលបានមេដាយកិត្តិយសពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន ដូចជា គោរមងារវិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម វិស្វករកិត្តិយសជាន់ខ្ពស់ វិស្វករកិត្តិយស យុវវិស្វករឆ្នើមអាស៊ាន។ ការប្រគល់មេដាយកិត្តិយសទាំងនេះត្រូវបានធ្វើឡើងក្នុងពិធីបិទសន្និសីទលើកទី៤០នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមធអិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានលើកឡើងថា គណៈកម្មាធិការ អនុគណៈកម្មាធិការ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធបានប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកយ៉ាងសកម្ម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១. គណៈកម្មាធិការចុះបញ្ជីវិស្វករអាស៊ាន បានចុះបញ្ជី៖
* យុវវិស្វករអាស៊ានចំនួន៧១នាក់ (កម្ពុជាមានចំនួន៣១នាក់)
* វិស្វករអាស៊ានចំនួន៣១២នាក់ (កម្ពុជាមានចំនួន១៦នាក់)។

២. គណៈកម្មាធិការផ្តល់ពានរង្វាន់បានផ្តល់គោរម្យងារកិត្តិយសដល់ឥស្សរជនដែលបានគាំទ្រយ៉ាងសកម្មដល់វិស័យវិស្វកម្ម តាមរយៈចូលរួមសកម្មភាព ឬហិរញ្ញវត្ថុ រួមទាំងក្រុមហ៊ុន និងរូបវន្តបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងសកម្មភាពការងារវិស័យវិស្វកម្ម ដូចខាងក្រោម៖
* វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តមចំនួន៣នាក់ (កម្ពុជាមានចំនួន២នាក់)
* វិស្វករកិត្តិយសជាន់ខ្ពស់ចំនួន៣១នាក់ (កម្ពុជាមានចំនួន៧នាក់)
* វិស្វករកិត្តិយសចំនួន៥៧នាក់ (កម្ពុជាមានចំនួន១០នាក់)
* ពានរង្វាន់សមិទ្ធផលវិស្វកម្មស្នាដៃឆ្នើមអាស៊ាន ក្នុងនោះយុវវិស្វករអាស៊ាន៣នាក់ (កម្ពុជាមាន១នាក់)។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានចូលរួមអបអរសារទរដល់សមាជិកអង្គការសហព័ន្ធវិស្វកម្មអាស៊ាន និងវិស្វករ ឬក្រុមហ៊ុនដែលមានស្នាដៃឆ្នើមក្នុងវិស័យវិស្វកម្ម ដែលទទួលបាននូវគោរមងារវិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម វិស្វករកិត្តិយសជាន់ខ្ពស់ វិស្វករកិត្តិយស យុវវិស្វករឆ្នើមអាស៊ាន។ លោករដ្ឋមន្ត្រីក៏បានចូលរួមលើកទឹកចិត្តដល់ស្ថាប័នវិស្វកម្មនៃបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ បង្កើនល្បឿនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌវិស្វកម្មអាស៊ានក្នុងការរួមគ្នាត្រិះរិះរកដំណោះស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតចេញពីការវិវឌ្ឍឧស្សហកម្ម៤.០ ដើម្បីទាញយកគុណប្រយោជន៍ពីការអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ សម្រាប់ធ្វើការផ្លាស់ប្តូរតួនាទីរបស់វិស្វករក្នុងកិច្ចប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មរបស់ខ្លួនឱ្យកាន់តែមានគុណភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅក្នុងតំបន់ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ លោក អ៉ិត សំហេង បានសម្ដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖

ទី១. សិក្សាពីលទ្ធភាពនៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកាបើកចំហដើម្បីគាំទ្រដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ការតភ្ជាប់ខ្សែចង្វាក់ឌីជីថល។

ទី២. ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយលើកកម្ពស់ឧស្សាហកម្ម៤.០។

ទី៣. រៀបចំជាយុទ្ធសាស្ត្របង្រួបបង្រួមអាស៊ានស្តីពីការវិវឌ្ឍឧស្សាហកម្ម៤.០ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។

ទី៤. ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្តក្នុងការគាំទ្រការផ្លាស់ប្តូរឧស្សហកម្មអាស៊ានទៅឧស្សហកម្ម៤.០ តាមរយៈកិច្ចសន្ទនាសាធារណៈ និងឯកជន ជាមួយនឹងការសហការជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅសម្របសម្រួលការអនុលោម និងការបញ្ជាក់ស្តង់ដាឌីជីថល សម្របសម្រួលរំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍវេទិការួមមួយលើតំណរភ្ជាប់ស្ថិតិឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ទី៥. ចូលរួមដោះស្រាយបញ្ហាប្រឈមដែលនឹងកើតមានឡើងពីការរីកចម្រើននូវឧស្សាហកម្ម៤.០ក្នុងអាស៊ាន និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនូវបញ្ហាប្រឈមទាំងនោះ។ លោកក៏បានចូលរួមអបអរសាទរចំពោះស្ថាប័នវិស្វកម្មប្រទេសឥណ្ឌូណេស៊ី ដែលនឹងទទួលទង់របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ទៅធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤១ ឆ្នាំ២០២៣៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង