ក្នុងរយ:ពេល៥ឆ្នាំចុងក្រោយនេះវិស័យកសិកម្មក្នុងខេត្ត ក្រចេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់

ក្នុងរយ:ពេល៥ឆ្នាំចុង ក្រោយនេះ វិស័យកសិកម្មក្នុងខេត្តក្រចេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែលបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយផ្នែកធំ ខណៈដែលប្រជាជនដែលរស់នៅជនបទស្ទើរតែ៦៥ ភាគរយ ពឹងផ្អែកលើវិស័យកសិកម្មជាចម្បង។ ឯកឧត្តម វ៉ា ថន អភិបាលនៃគណ:ភិបាលខេត្តក្រចេះបាន ឱ្យដឹងថា ប្រជាកសិករខេត្ត ក្រចេះភាគច្រើន មានផ្ទៃដីធំទូលាយដែលជាឱកាស ក្នុងការដាំដំណាំជាច្រើនប្រភេទ ពិសេសអាចផ្លាស់ប្ដូរមុខដាំផ្សេងៗស្របតាមតម្លៃទីផ្សារ។ ឯកឧត្តមបានបន្តថា ខេត្តក្រចេះរយ:ពេល៥ឆ្នាំចុងក្រោយនេះ ទទួលការអភិវឌ្ឍន៍យ៉ាងខ្លាំងលើវិស័យកសិកម្មដោយបានដាំដុះដំណាំកសិឧស្សាហកម្មជាច្រើន រួមមាន៖ កៅស៊ូ, ដំឡូងមី, ស្វាយចន្ទី ,និងចេកអំបូងលឿងដែលផ្ទៃដីដាំដុះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយកំពុងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។ សំឡេង«ក្នុងវិស័យកសិកម្មនេះដែរយើងក៏មានការដាំដុះនូវដំណាំកសិឧស្សាហកម្មដែលជាអាទិ៍ខេត្តក្រចេះមកដល់ថ្ងៃនេះយើងបានដាំដុះដំណាំកៅស៊ូបានចំនួន៨៦៧៦៤ហិកតា ហើយមានផ្ទៃដីផលិតដំឡូងមីគឺ៧៣៩៨៩ហិកតាហើយយើងក៏បានដាំដំណាំដែលយើងប្រមូលផលជាគ្រាប់បានចំនួន ៦១៩៧៤ ហិកតាហើយចេកអំបូងលឿងមាន ការដាំដុះនៅស្រុកស្នួលផងនៅស្រុកសំបូរផងសរុបទៅគឺចាប់ផ្ដើមដាំដុះសម្រាប់ការនាំ ចេញទៅក្រៅប្រទេសនេះមានចំនួន៣៤៥៥ហិកតា »។ ឯកឧត្តមបានបន្ថែមថា វិស័យកសិកម្មពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ការបង្កើនការងារដល់ប្រជាពល រដ្ឋកាត់បន្ថយការចំណាកស្រុក។ គួរជម្រាបផងដែរថា ការរីកចម្រើនផ្នែកកសិកម្មនៅខេត្តក្រចេះនេះ ដោយសារតែប្រជាពលរដ្ឋទទួលបានការបណ្តុះបណ្តាលពីមន្រ្តីជំនាញកសិកម្មខេត្ត ហើយពលរដ្ឋខ្លះបានទៅសិក្សាពីក្រៅប្រទេសរួមផ្សំខេត្តបានអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រជាច្រើននៅទូទាំងខេត្ត ដែលធ្វើឱ្យកសិកមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ការងារ ស្រែចម្ការច្បារដំណាំរបស់ខ្លួន ហើយទទួលបានទិន្នផលខ្ពស់ថែមទៀតផង៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង