ម្ពុជា បន្ដស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននៅសល់៤៨រូប សម្រាប់ឆ្នាំ២០២៣ខាងមុខ

ភ្នំពេញ៖ កម្ពុជាបន្ដស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននៅសល់៤៨រូប សម្រាប់ឆ្នាំ២០២៣ខាងមុខ ដើម្បីធ្វើឱ្យកម្មវិធីស្វែងរកអដ្ឋិធាតុទាហានអាមេរិកទទួលបានជោគជ័យ។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា លោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយ សឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា (POW/MIA) បានថ្លែងអំណរគុណសម្តេច ក៏ដូចជារាជរដ្ឋាភិ បាលកម្ពុជា ក្នុងការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។ លោកស្រីក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលផ្តល់កិច្ចសហប្រតិបត្តិការល្អជាងគេ ដែលក្នុងចំណោមប្រទេសដែលកម្មវិធីស្វែងរកអដ្ឋិធាតុនេះ កំពុងមានប្រតិបត្តិការ។ ជាឧទាហរណ៍លោកស្រី បានជម្រាបជូនសម្តេចក្រឡា ហោម ទោះក្នុងស្ថានភាពកូវីដ-19 ក្តី ប្រទសកម្ពុជាបានបង្ហាញថា មិនមានភាពថម ថយក្នុងការរុករកនូវអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះទេ ថែមទាំងមានវឌ្ឍនភាពទៅមុខជានិច្ច ជាងនេះទៅទៀត ប្រទេសកម្ពុជា ក៏ធ្លាប់បានធ្វើការជាមួយអង្គ ភាពដៃគូរបស់សហរដ្ឋ អាមេរិកដែរ។ផ្អែកតាមសមិទ្ធផលដែលទទួលបាននេះ លោកស្រី បានសំដែងនូវសេចក្តីថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ យ៉ាងក្រៃលែងចំពោះថ្នាក់ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោមផ្ទាល់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាឯកឧត្តម ប្រាក់ សុខុន ផងដែរ ហើយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដទៃទៀតដែលបានចូលរួមសហការក្នុងនាមមនុស្សធម៌ជួយដល់កម្មវិធីស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ។ ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី សម្តេចក្រឡា ហោម បានថ្លែងអំណរគុណចំពោះការវាយតម្លៃខ្ពស់របស់លោកស្រី ចំពោះប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិ បាល។ សម្តេចក្រឡាហោម បានបញ្ជាក់ថា គោលនយោ បាយរបស់រាជរដ្ឋាភិបាល គឺមិនមានការប្រែប្រួលទេ គឺនៅតែបន្ត ផ្តល់ការគាំទ្រដល់ការងារស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួននេះ ដែលបច្ចុប្បន្ននៅសល់៤៨រូបទៀត។ សម្តេចក្រឡាហោមបន្ថែមថា យន្តការទាំងអស់របស់ប្រទេសកម្ពុជា នឹងត្រៀមខ្លួនសហការជាមួយគម្រោងរបស់លោកស្រី ពាក់ព័ន្ធនឹងការងារស្វែងរកអដ្ឋិធាតុនេះ សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ទៅមុខទៀត។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជូនពរដល់ លោកស្រី Ann Mills-Griffiths ប្រធានសម្ព័ន្ធជាតិនៃគ្រួសារឈ្លើយ សឹក និងទាហានអាមេរិកបាត់ខ្លួនក្នុងអាស៊ីអាគ្នេយ៍ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅពេលនេះ។ សម្ដេចក្រឡាហោមសង្ឃឹមថា កិច្ចការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម និងដំណើរការទៅឈានដល់ការបិទបញ្ចប់ប្រកបដោយលទ្ធផលគួរជាទីគាប់ចិត្ត ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង