មន្រ្តីមន្ទីអប់រំ យុវជន និងកីឡា និងគ្រូបង្រៀន ក្នុងខេត្តត្បូងឃ្មុំ ស្មើឳ្យមានការស៊ើបអង្កេតជុំវិញការប្រព្រឹត្តអំពើពុករលួយរបស់លោក អ៊ិន ពៅសម្បត្តិ និងបក្សពួក
ត្បូងឃ្មុំ ៖ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអបរំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ត្រូវបាន មន្រ្តី និងគ្រូបង្រៀនចោទប្រកាន់ជាច្រើនករណីជុំវីញការប្រព្រឹត្តអំពើពុករលួយ ដូចជាករណីកិបកេងថវិការរដ្ឋក្នុងមួយខែៗរាប់រយលានរៀល , ថវិការសាងសង់សាលា, ថវិការសាងសង់សាលប្រជុំ , ការប្រើប្រាស់ និងចាត់ចែងថវិការ និងប្រេងសាំងគ្មានតម្លាភាព ជាដើម ។ ប្រភពព័ត៌មានពីមន្រ្តីរបស់មន្ទីអប់រំ យុវជន និងកីឡា ក៏ដូចជាគ្រូបង្រៀន ក្នុងខេត្តត្បូងឃ្មុំ បានឳ្យដឹងថា លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអប់រំ យុវជន និងកីឡា រួមទាំងបក្សពួកបានធ្វើសម្មភាពកិបកេងថវិការជាតិក្នុងមួយខែៗរាប់រយលានរៀល តាមរូបភាពជាច្រើនដូចជាដាក់ឈ្មោះគ្រូបង្រៀន ២ វេន ឈ្មោះខ្មោចរបស់មន្រ្តីក្នុងមន្ទី បន្លំឯកសារយកប្រាក់ដែលរាជរដ្ឋាភិបាលឧបត្ថម្ភដល់ លោកគ្រូ អ្នកគ្រូ បង្រៀននៅសាលាដែលត្រូវបានកំណត់ទទួលបានឧបត្ថម្ភប្រាក់តំបន់ ដោយលួចបន្លំធ្វើឯកសារយកថវិការបង្វែរចូលក្នុងគណនីបៀវត្សរបស់បក្សពួកខ្លួន ក្នុង១ខែៗមិនក្រោម ៣០០ លានរៀលនោះទេ ។ ប្រភពដដែលបន្តថា ការប្រើប្រាស់លុយសាងសង់សាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងការកិបកេងលុយសាងសង់សាលប្រជុំ សំណង់អគារមិនសមនិងចំនួនថវិកាដែលបានចំណាយ ។ ការប្រើប្រាស់ប្រេងសាំងដែលរដ្ឋាភិបាលផ្តល់ឱ្យមកមន្ទីរ លោកប្រធានរូបនេះ ប្រើប្រាស ចាត់ចែង ខុសគោលការណ៍ ទុកប្រើប្រាស់ជាប្រយោជន៍បុគ្គលបក្សពួក មិនបានអនុវត្តតាមគោលការណ៍ ណែនាំ ដើម្បីឱ្យមន្ត្រីប្រើប្រាស់ប្រេងសាំងក្នុងកិច្ចការអភិវឌ្ឍវិស័យអប់រំមូលដ្ឋានឡើយ។ ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះគឺបេសកកម្មលោកប្រធានមន្ទីរ ក្នុង១ខែ សរុបចំនួន ៤០ថ្ងៃក៏មានដែរ ។ សកម្មភាពនេះត្រូវបានមន្ត្រីក្នុងមន្ទី និងលោកគ្រូ អ្នកគ្រូ លើកឡើងថា ជាសកម្មភាពមិនល្អទាល់តែសោះព្រោះថា ក្នុងនាមជាមន្រ្តីបណ្តុះបណ្តាល បែជាធ្វើគម្រូមិនល្អដល់កុមារ យុវជន និងសិស្សានុសិស្ស ដែលទំពាំងស្នងឬស្សីទៅវិញ ។ ដែលនេះត្រូវតែមានការស៊ើបអង្កេត ដើម្បីចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ដោយមិនត្រូវទុកឳ្យធ្វើសកម្មភាពជាគម្រូមិនល្អបន្តទៀតនោះទេ ។ ជុំវិញបញ្ហានេះលោក អ៊ិន ពៅសម្បត្តិ បានឆ្លើយប្រាប់តាមទូរសព្ទយ៉ាងខ្លីថា កំពុងស្រាវជ្រាវហើយ ។ តែមិនមិនដឹងថាស្រាវជ្រាវដល់ណាហើយទេ ។ ជាមួយគ្នានោះមន្រ្តីក្នុងមន្ទីអប់រំ យុវជន និងកីឡា ក៏ដូចជាលោក គ្រូ អ្នកគ្រូ ក៏បានស្នើឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ពិសេសឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ សុំជួយអន្តរាគមន៍ ក្នុងនោះសុំអង្គភាពប្រឆាំងអំពើពុកលួយមេត្តាពិនិត្យលទ្ធភាពចុះស្រាវជ្រាវ និងស៊ើបអង្កេត ជុំវិញបញ្ហានេះផង ។ សម្រួលដោយ ទៀង បុណ្ណរី