កម្ពុជានឹងបង្កើនការបោសសំអាតមីនឱ្យខ្លាំងជាងមុន ដើម្បីធ្វើឲ្យសម្រេចគោលដៅឆ្នាំ២០២៥

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន និងកងកម្លាំងនានា បានដាក់ផែនការជាថ្មី ក្នុងការបង្កើន​ការបោសសំអាតមីន​ ឲ្យមានល្បឿនលឿនជាងមុន ដើម្បីធ្វើឲ្យសម្រេចបានគោលដៅ​កម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ខាងមុខ ខណៈបច្ចុប្បន្នកម្ពុជានៅមានដីចម្ការមីនប្រមាណជាង ៧០០គីឡូម៉ែត្រក្រឡាទៀត ។ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីផែនការបោសសំអាតមីន គាំទ្រដោយមូលនិធិកម្ពុជា​គ្មានមីន​ឆ្នាំ២០២៥ ​នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ​ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា ​ពលរដ្ឋកម្ពុជាជាង ១លាន ១សែននាក់ ​រស់នៅតាមមូលដ្ឋាន កំពុងមាន​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ពីកាកសំណលពីសង្គ្រាម ដែលបញ្ហានេះ គឺអាជ្ញាធរត្រូវតែបញ្ចប់នូវ​បញ្ហា​នេះ ដើម្បីសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋ និងធ្វើឲ្យដីមានសុវត្ថិភាពហើយពួកគាត់អាចប្រើប្រាស់​បានដោយគ្មានការព្រួយបារម្ភ ។ឯកឧត្តម បានបន្តថា ដើម្បីធ្វើឲ្យសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ អាជ្ញាធរមីន និងភាគីពាក់ព័ន្ធ ​បានដាក់ផែនការពង្រឹងការងារបោសសំអាតមីន​ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ មាន​ល្បឿនលឿនជាងមុន ​ដែលបញ្ហានេះសូមឲ្យប្រតិបត្តិករទាំងអស់ លើកកម្ពស់ប្រសិទ្ធភាពការ​ងារ​របស់ខ្លួន និងពន្លឿនល្បឿនជាងមុន​ ធ្វើយ៉ាងណាក្នុងមួយឆ្នាំឲ្យបានជាង២០០ ទៅ៣០០គីឡូម៉ែត្រ​ក្រឡា ទើបអាចទទួលបានជោគជ័យ ។ឯកឧត្តម លី ធុជ បានបន្ថែមថា ក្រៅពីនេះអ្នកពាក់ព័ន្ធ បានអំពាវនាវដល់ដល់ប្រតិបត្តិករទាំងអស់ ត្រូវលើក​កម្ពស់សុខសុវត្ថិភាព ​និងកុំឲ្យមានគ្រោះថ្នាក់ដោយសារការងារបោសសំអាតមីន, អាជ្ញាធរ​មីន និងកងកម្លាំងទាំងអស់ បន្តធ្វើការជាមួយគ្នា ​ដើម្បីបំពេញបែបបទនីតិវិធី​ដែលមានស្រាប់ ធ្វើឲ្យ​មានប្រសិទ្ធភាពនៃការងារ ​ហើយជំរុញឲ្យភាគីទាំងអស់ ​ត្រូវធ្វើទិន្នន័យ ពីវឌ្ឍនភាពនៃការ​ងារ​បោសសំអាតមីន និងលើកផែនការឲ្យបានជាក់លាក់ ។ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តទៀតថា ការអនុវត្តគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាព ក្នុង​ដំណាក់កាលទី១ ដែលអនុវត្តចាប់ពីថ្ងៃទី១៥ ​ខែកក្កដា ឆ្នាំ២០២២ ​បានបោសសំអាតមីនជាង ៩១គីឡូម៉ែត្រក្រឡា​ អនុវត្តនៅលើខេត្តមួយចំនួន មានខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ ស្វាយរៀង ខេត្តកំពត ​និងតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ ខណៈនៅចុងឆ្នាំនេះ គ្រោងនឹងប្រកាស​ខេត្តមួយចំនួនក្នុងចំណោមនេះ ជាខេត្តគ្មានមីនផងដែរ ។គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជាបានបង្កើត ​មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២២ ហើយសម្ដេចបានបញ្ចេញនូវ​ថវិកា​ប្រមាណ ៣០លានដុល្លារ​ ចូលរួមក្នុងមូលនិធិនេះ​ ហើយអំពាវនាវប្រជាពលរដ្ឋ សប្បុរសជន និង​ប្រទេសដៃគូនានា​ បន្តចូលរួមក្នុងការងារបោសសំអាតមីននេះ ​ដើម្បីឲ្យសម្រេចបានតាមគោលដៅ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង