ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង៣០០០ក្បាល ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា
ស្វាព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង៣០០០ក្បាល ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដោយសារតែកត្តាអំណោយផល កម្ពុជាត្រូវបានគេដឹងថានៅមានវត្តមានស្វាព្រាមច្រើនបង្គួរនៅក្នុងតំបន់ការពារធម្មជាតិ។
យោងតាមការសិក្សា ស្វាព្រាមមានចំនួនច្រើនជាង ៣០០០ ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%។ វត្ដមានស្វាព្រាមនេះភាគច្រើនមាននៅភាគខាងកើតនៃប្រទេស កម្ពុជា ដូចជាដែនជម្រកសត្វព្រៃកែវសីមា លំផាត់ និងស្រែពក។ ពួកវាចូលចិត្ដរស់នៅតាមតំបន់ទន្លេ និងព្រែក ដូចជាទន្លេសេកុង និងស្រែពកជាដើម។ មុខងារមួយក្នុងចំណោមមុខងារផ្សេងៗរបស់ស្វាព្រាមនេះគឺវាជាសត្វស៊ីផ្លែឈើ ស្លឹកឈើ។ ដូច្នេះវាគឺជាភ្នាក់ងារ១ ក្នុងការនាំគ្រាប់ពូជរុក្ខជាតិពី ១ កន្លែងទៅ១ កន្លែងពីតំបន់ ១ ទៅតំបន់ ១ ដើម្បីអាចឱ្យរុក្ខជាតិ ព្រៃឈើអាចបន្តដុះលូតលាស់បាន។
ស្វាព្រាម (Trachypithecus germaini) ឈ្មោះអង់គ្លេស៖ Silvered Langur មានសម្បុរខ្មៅប្រផេះពាសពេញលើដងខ្លួន ហើយផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងព័ណ៌ព័ទ្ធជុំវិញផ្ទៃមុខស្ទើតែលុបបាត់ត្រចៀក។ កូនស្វាតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។ សត្វប្រភេទនេះ ត្រូវបានគេប្រទះឃើញវត្តមាននៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង តំបន់ព្រៃលិចទឹក។ ចំណីអាហាររបស់វាមានដូចជា៖ ត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះ ត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ ស្វាព្រាម ចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ៕