ចំនួនអ្នកស្លាប់កើនដល់២៣១នាក់ហើយ ចាប់តាំងពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ា
TNM(មីយ៉ាន់ម៉ា) ៖ យ៉ាងហោចណាស់មនុស្ស១១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រដោយកងកម្លាំងសន្តិសុខយោធានៅក្នុងរដ្ឋ Shan ភាគខាងត្បូងទីក្រុង យ៉ាំងហ្គោននិងម៉ាន់ដាឡេ។ ការបង្ហូរឈាមនៅថ្ងៃសុក្រនាំឱ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកើនដល់ចំនួន២៣១នាក់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។
ចំនួនដ៏ច្រើននេះត្រូវបានគេរំពឹងថានឹងកើនឡើងពីព្រោះអ្នកផ្សេងទៀតជាច្រើនបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការបង្ក្រាបរបស់ពួកយោធាទៅលើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
តំបន់ Aungban នៃរដ្ឋ Shan ភាគខាងត្បូងមនុស្សយ៉ាងតិច ៨ នាក់ត្រូវបានបាញ់សម្លាប់នៅពេលដែលទាហាននិងប៉ូលីសបានបាញ់រះដោយផ្ទាល់ទៅកាន់ហ្វូងមនុស្សដែលប្រមូលផ្តុំគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ។ ក្រុមអ្នកតវ៉ាជាច្រើននាក់ក៏បានរងរបួសធ្ងន់ផងដែរក្នុងពេលបាញ់ប្រហារនោះ។
យោងតាមប្រភពក្នុងស្រុកថា ការផ្ទុះអាវុធបានកើតឡើងប្រហែលជាម៉ោង៩ព្រឹក និងបន្តរហូតដល់ល្ងាច។ ក្រុមប៉ូលិសសដែលស្លៀកពាក់ស៊ីវិលស្ថិតក្នុងចំណោមកម្លាំងសន្តិសុខបានបាញ់ទៅលើហ្វូងតវ៉ា។ បុរសម្នាក់ត្រូវបានបាញ់ចំក្បាលត្រូវបានទាញចេញដោយទាហាន និងប៉ូលិស មុនពេលគេស្គាល់អត្តសញ្ញាណ។ អ្នកតវាប្រហែលជា២០នាក់ត្រូវបានចាប់ខ្លួន និងជាច្រើននាក់របួស៕