ដែនជំរកសត្វព្រៃលំផាត់កំពុងធ្វើដំណើរឆ្ពោះទៅរកនិរន្តរភាព នៃការអភិរក្ស
ដែនជម្រកសត្វព្រៃលំផាត់ នៃតំបន់ទេសភាពខ្ពង់រាបខាងកើត ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩៩៣ លើផ្ទៃដីសរុបចំនួន ២៥ ០ ០ ០០ ហិកតា លាតសន្ធឹងក្នុងខេត្តរតនគិរី ប្រមាណជា៨០ភាគរយ នៃផ្ទៃដែនជម្រកសរុប និងខេត្តមណ្ឌលគិរី ប្រមាណ២០ភាគរយ កំពុងតែធ្វើដំណើរឆ្ពោះទៅរកនិរន្តភាពនៃការអភិរក្ស ក្រោមគម្រោងរេដបូក (REDD+)។ លោក ប៊ូ វរសក្ស នាយកប្រត្តិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ចំពោះគម្រោងនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ មក ហើយក៏បានចុះបញ្ជីនៅក្នុងក្រុមហ៊ុន VERRA រួចហើយៗយើងត្រូវការរយៈពេល ២ឆ្នាំ ដើម្បីសរសេរគម្រោងលំអិតមួយ (Project Description) មុនដឹងដាក់ជូនទៅក្រុមហ៊ុន ដើម្បីរកភាគីទីបី ដើម្បីធ្វើសវនកម្មថា តើយើងមានបរិមាណកាបូនប៉ុណ្ណា ដើម្បីលក់នៅលើទីផ្សារបាន ហើយបើតាមការសិក្សារបស់យើង គឺយើងគិតថា នៅដើមឆ្នាំ ២០២៤ ឬ ពាក់កណ្តាលឆ្នាំ២០២៤ ទើបយើងដឹងចំនួនកាបូនពិតប្រាកដប៉ុណ្ណា។ លោកបានបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា យើងអាចនឹងទទួលឥណទានកាបូននៅក្នុងរង្វង់ដើមឆ្នាំឬពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខ “។ លោកបានបន្តថា តាមលទ្ធផលបឋមដែលយើងបានធ្វើការប៉ាន់ប្រមាណនៅក្នុងកម្រិតអប្បរមា គឺយើង គិតថា នៅក្នុងរយៈពេល ៥ឆ្នាំដំបូង យើងអាចស្រូបកាបូននៅក្នុងចន្លោះប្រហែល ជា ៥៧៦ ០០០តោនពោលគឺប្រមាណជា ១១៥ ០០០ តោនក្នុងមួយឆ្នាំ នៅលើទំហំផ្ទៃដីប្រមាណជាជាង ១៣ម៉ឺនហិកតា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ទាំងមូល។ លោកបានបញ្ជាក់ថា “នេះជាការប៉ាន់ប្រមាណនៅក្នុងកម្រិតអប្បរមា ប៉ុន្តែនៅក្នុងដំណាក់កាលពីរឆ្នាំនេះ យើងបានចុះធ្វើការសិក្សាលំអិត ដោយចុះវាស់វែង ពោលគឺធ្វើសន្និធិព្រៃឈើនៅលើទីលានដោយផ្ទាល់ យើងនឹងអាចឃើញចំនួនពិតប្រាកដប៉ុន្មាន ហើយតម្លៃនៅលើទីផ្សារវិញគឺនៅក្នុងចន្លោះប្រមាណពី ១០ ទៅ ១៥ដុល្លារនៅក្នុងមួយតោន”។ ពាក់ព័ន្ធនឹងផលប្រយោជន៍អំពីគម្រោងរេដបូកនេះ លោក ប៊ូ វរសក្ស បានបញ្ជាក់ថា ជាការពិតដើម្បីឱ្យគម្រោងការពារដែនជម្រកសត្វព្រៃ អាចរក្សាព្រៃឈើបានឬមិនបាន គឺយើងត្រូវការទាំងធនធានថវិកា និង ធនធានមនុស្ស ដើម្បីការងារគ្រប់គ្រង និងការពារ។ លោកបានបញ្ជាក់ថា “មកដល់ពេលនេះ កិច្ចការអភិរក្សនៅដែនជម្រកសត្វព្រៃលំផាត់ ត្រូវការថវិកាប្រមាណជាកន្លះលានដុល្លារដែរ នៅក្នុងមួយឆ្នាំ ដើម្បីគ្រប់គ្រង និងអនុវត្តកម្មវិធីអភិរក្សទាំងអស់នេះ។ ដូច្នេះនៅពេលដែលយើងទទួលបានឥណទានពីការលក់កាបូននេះ គឺយើងនឹងអាចរក្សាបាននូវនិរន្តភាពហិរញ្ញវត្ថុរបស់គម្រោងនៅក្នុងរយៈពេលវែង ហើយយើងក៏នឹងអាចពង្រីកសកម្មភាពគម្រោងបន្ថែមដើម្បីនិរន្តភាព នៃការអភិរក្ស។ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជនបង្គោលរេដបូកជាតិ បានថ្លែងកាលពីពេលថ្មីៗកន្លងទៅនេះថា គម្រោងនេះមិនត្រឹមតែនាំឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការពារតំបន់ទេសភាពព្រៃឈើដែនជម្រកសត្វព្រៃលំផាត់ប៉ុណ្ណោះទេ ប៉ុន្តែនាំឱ្យមានការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទីតាំងគម្រោងថែមទៀតផង។ ឯកឧត្តម បានកត់សម្គាល់ឃើញថា នៅក្នុងក្របខណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្រិតសាកល គម្រោងឥណទានកាបូនប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ចំពោះការអនុវត្តបានជោគជ័យ និងអាចលក់កាបូននៅលើទីផ្សារ។ ឯកឧត្តម ប្រកាសថាគម្រោង រេដបូកដែនជម្រកសត្វព្រៃលំផាត់ គឺជាគម្រោងឥណទានកាបូនទីមួយរបស់ខេត្តរតនគិរី ហេតុនេះសូមអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមគាំទ្រ ដើម្បីធានាថាគម្រោងនេះអាចទទួលបានជោគជ័យ។ លោកស្រី វេនេស្កា ឡីតហ្ស៍ (Vaneska Litz) បានឱ្យដឹងថា USAID មរតកបៃតង បានសម្រេចគាំទ្រគម្រោងនេះ ដោយសារការទទួលស្គាល់ការប្ដេជ្ញាចិត្តយូរអង្វែងរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ/ជីវិតធម្មជាតិនៅកម្ពុជា ក្នុងការអភិរក្សដែនជម្រកសត្វព្រៃលំផាត់ និងបានបញ្ជាក់ប្រាប់អ្នកចូលរួមទាំងអស់ថា USAID មរតកបៃតងក៏មានការប្ដេជ្ញាចិត្តដូចគ្នាចំពោះការអភិរក្ស និងចំពោះអនាគតនៃដែនជម្រកនេះដែរ។ ដែនជម្រកសត្វព្រៃលំផាត់នេះ គឺជាទីតាំងមួយ ដ៏សំខាន់នៅក្នុងការអភិរក្សធនធានសត្វព្រៃ ជាពិសេសគឺបក្សីកម្រៗ និងជិតផុតពូជ ដែលនៅក្នុងនោះរួមមាន ត្រយងយក្ស ដែលជានិមិត្តសញ្ញាបក្សីជាតិកម្ពុជា ដែលនៅលើពិភពលោកមានប្រមាណជា ៣០០ក្បាល ហើយនៅលំផាត់នេះ មានប្រមាណជា ៣០ ក្បាល ស្មើនឹងជាង ១០ ភាគរយ ហើយយើងនៅមានសត្វត្រយងចង្កំកស ត្រដក់ ត្មាតភ្លើង រមាំង ក្ងោក ក្រៀល ។ល។ ដែលមានទីតាំងសំបុកពងកូន។ ទន្ទឹមនឹងនេះ ទីនោះក៏ធ្លាប់មានវត្តមានខ្លាធំជាដើម បើទោះបីពេលនេះវាបានបាត់ដានហើយក៏ដោយ៕