ស្លាប់ម្នាក់របួសច្រើននាក់ ករណីបំផ្ទុះគ្រាប់បែក ២កន្លែងផ្សេងគ្នា នៅអ៊ីស្រាអែល!
ប៉ូលីសអ៊ីស្រាអែលបាននិយាយថាៈ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការផ្ទុះពីរដាច់ដោយឡែកពីគ្នា នៅថ្ងៃពុធ(ម៉ោងក្នុងស្រុក)កក្រើកទីក្រុងហ្សេរុយសាឡឹម ដែលត្រូវបានគេសង្ស័យថា ជាការវាយប្រហាររបស់ប៉ាឡេស្ទីន ការផ្ទុះលើកដំបូងបានកើតឡើងនៅម៉ោងប្រហែល 7 ព្រឹក (04:00 GMT) នៅជិតស្ថានីយ៍រថយន្តក្រុងរបស់អ៊ីស្រាអែល តាមបណ្តោយផ្លូវហាយវេមួយនៅលើច្រកចូលភាគខាងលិចចូលទៅក្នុងក្រុងហ្សេរុយសាឡឹម ដែលជាធម្មតាពោរពេញទៅដោយអ្នកដំណើរ។ ដោយឡែក ការផ្ទុះលើកទីពីរ មានរយៈពេលប្រមាណជាកន្លះម៉ោងបន្ទាប់ពីផ្ទុះលើកទី១ នៅចំណុចប្រសព្វ Ramot ក្នុងភាគខាងជើងក្រុងហ្សេរុយសាឡឹម។ បន្ទាប់ពីការផ្ទុះ អាជ្ញាធរអ៊ីស្រាអែលបានបិទផ្លូវសំខាន់ៗ និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅផ្នែកខាងកើត និងខាងលិចនៃក្រុងហ្សេរុយសាឡឹម ខណៈដែលពួកគេធ្វើការស៊ើបអង្កេតលើការផ្ទុះ និងស្វែងរកជនសង្ស័យ ជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ក៏បានប្រកាសបិទប៉ុស្តិ៍ត្រួតពិនិត្យសំខាន់ៗចំនួនពីរនៅក្នុងតំបន់ Jenin គឺ Jalameh និង Salemផងដែរ។ គួរជម្រាបថាៈ ការផ្ទុះនេះ បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្មេងជំទង់ជនជាតិប៉ាឡេស្ទីនអាយុ 16 ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងទីក្រុង Nablus ដែលកាន់កាប់នៅ West Bank នេះបើយោងតាមមន្ត្រីប៉ាឡេស្ទីន ទោះជាយ៉ាងណា ក្រុមហាម៉ាស់ ដែលជាក្រុមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ដែលឡោមព័ទ្ធដោយអ៊ីស្រាអែល បានសរសើរការវាយប្រហារនេះ ដោយហៅវាថាជាប្រតិបត្តិការវីរភាព៕