អភិបាលរងខេត្តបន្ទាយមានជ័យ លើកឡើងថាបរិស្ថានស្អាត គឺផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា
អភិបាលរងខេត្តបន្ទាយមានជ័យ យឹម សំណាង បានលើកឡើងថា ដើម្បីបរិស្ថានស្អាត នោះគឺផ្តើមចេញពីឆន្ទៈស្មារតីភ្ញាក់រលឹកការចូលរួមរបស់យើងទាំងអស់គ្នា។ ការថ្លែងជំរុញបែបនេះរបស់លោក យឹម សំណាង បានធ្វើឡើងនៅក្នុងទិវា អនាម័យ បរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” ដែលអាជ្ញាធរខេត្ត រួមមន្ទីរពាក់ព័ន្ធ បានរៀបចំធ្វើឡើងនៅ បរិវេណស្តង់តាងួន ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានអ្នកចូលរួម យ៉ាងច្រើនកុះករ ក្នុងគោលបំណងធ្វើឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀតពីបរិស្ថានស្អាត ភូមិស្អាត សុខភាពល្អ សម្រាប់ការរស់នៅស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ។ ថ្លែងក្នុងទិវានេះ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធទិវាអនាម័យបរិស្ថាននេះឡើងក្នុងគោលបំណង បំផុសស្មារតីនៃការចូលរួមទាំងអស់គ្នា បណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រឡាញ់បរិស្ថាន ធ្វើឱ្យបរិស្ថានស្អាតគ្មានសំរាមពាសវាលពាសកាល បណ្តុះគំនិតស្មារតីឱ្យមហាជនទូទៅ មានការយល់ដឹង និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់សោភណភាព អនាម័យផាសុកភាព ជាកន្លែងដែលចង់រស់នៅទាំងអង្គភាពរដ្ឋ និងវិស័យឯកជនទូទៅ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ លោក យឹម សំណាង បានថ្លែងទៀតថា កម្ពុជាមានការផ្លាស់ប្តូរ និងរីកចម្រើន យ៉ាងខ្លាំង ទាំងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគជាមួយសុខសន្តិភាពសុវត្ថិភាព ល្អប្រសើរ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរខ្ពស់ លើការអភិវឌ្ឍប្រកប ដោយនិរន្តរភាព មិនបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន រាល់ គម្រោងអភិវឌ្ឍន៍ ដោយនិរន្តរភាព គឺផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីគ្រប់គ្រាន់ មានផ្លូវថ្នល់ល្អ ប្រជាពលរដ្ឋរស់នៅ មានសុខភាពល្អ។ គោលនយោបាយយុទ្ធសាស្ត្រ និងបទបញ្ជាសំខាន់ៗលើការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចការពារបរិស្ថានមានជាអាទិ៍យុទ្ធសាស្ត្រគ្រប់គ្រងព្រៃឈើ ទប់ស្កាត់ការកាប់រានព្រៃឈើ ការបំផុសឱ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនចូលរួមការពារថែរក្សានិងដាំស្តារឡើងវិញនូវផ្ទៃដីរេចរឹលការពារប្រភពទឹកធម្មជាតិទាំងអស់ និងខិតខំកាត់បន្ថយការបំពុលទឹកដី ខ្យល់ការគ្រប់គ្រង សំណល់រឹង សំណល់រាវ ប្រកបដោយគ្រោះថ្នាក់ ដើម្បីរួមចំណែកថែរក្សាបរិស្ថានធម្មជាតិ ឱ្យមាននិរន្តរភាព ដែលជាប្រយោជន៍ យូរអង្វែង សម្រាប់មនុស្សគ្រប់សញ្ជាតិនិងគ្រប់ជំនាន់។ លោកអភិបាលរងខេត្តបន្ទាយមានជ័យរូបនេះ ក៏បានអំពាវនាវឱ្យបងប្អូនជន រួមជាតិយើង ទោះជាប្រជាពលរដ្ឋក្តី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន តាមសមត្ថភាព លទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន។ សូមឈ្វេងយល់អំពីបញ្ហាបរិស្ថានឱ្យបានស៊ីជម្រៅ និងចូលរួមក្នុងការងារបរិស្ថានទាំងអស់គ្នា សូមការយល់ដឹងប្រកបដោយវិចារណញ្ញាណ និងមនសិការខ្ពស់ ឈប់បំផ្លាញបរិស្ថាន ទោះដោយចេតនាក្តី ឬអចេតនាក្តី ក្នុងក្តីរំពឹង របស់អ្នកជំនាន់ក្រោយ រស់នៅដោយផាសុខភាព សំបូររុងរឿងនិងសុភមង្គលហើយត្រូវ ចូលរួមបន្តសម្អាតអនាម័យបរិស្ថានឱ្យបានរៀងរាល់ថ្ងៃដូចថ្ងៃទិវាបរិស្ថានជាតិនេះដែរ៕ សម្រួលដោយ ទៀង បុណ្ណរី