សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងឋានៈជារដ្ឋតូចមួយ កម្ពុជាគាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះ យន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និង បើកចំហ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ថា ក្នុងឋានៈជារដ្ឋតូចមួយ កម្ពុជា គាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការ​ពហុ​ភាគីនិយម ប្រកបដោយបរិយាបន្ន និង បើកចំហ ក៏ដូចជា ចំពោះការពង្រឹងយន្តការ​ដឹកនាំ​ដោយអាស៊ាន ឬ សណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និង ការប្រកាន់ខ្ជាប់​នូវ​ច្បាប់អន្តរជាតិ ជាពិរសសធម្មនុញ្ញអង្គការសហប្រជាជាតិ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​បានថ្លែងដូច្នេះ ក្នុងពិធីបើកកិច្ចបជុំរដ្ឋមន្ត្រីការ​ពារជាតិ​អាស៊ានបូក លើកទី ៩ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្ត​សៀមរាប។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចបជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើក​ទី៩ ត្រូវបានធ្វើឡើង ស្របពេលដែលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជា ការ​ផ្លាស់ប្តូរឆាប់រហ័ស ភាពស្មុគស្មាញ និង ភាពមិនប្រក្រតីនៃសន្តិសុខ សកល និង បរិស្ថាន​សេដ្ឋកិច្ច ។ ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និង ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោ​បាយ ការបន្តដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ វិបត្តិស្បៀងអាហារ និង ថាមពល ការ​ធ្លាក់​ចុះនៃសេដ្ឋកិច្ចពិភពលោក និង សង្គ្រាម បានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ ។ ទន្ទឹមនេះ បញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏កាន់តែបង្ហាញច្បាស់ ទាំងទំហំ និងភាពញឹកញាប់ ។ សម្ដេចតេជោបានលើកឡើងថា ពិតណាស់, ពិភពលោក​កំពុង​ស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិង​កំពុង​បង្ក​ការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព ស្ថិរភាព និង វឌ្ឍនភាពរបស់ប្រជាជាតិ​ទាំង​ឡាយនៅជុំវិញពិភពលោក។ បន្ថែមពីនេះទៀត ការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា នៅក្នុងបរិបទនេះ កិច្ចប្រជុំរដ្ឋមន្ត្រី​ការ​ពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើកកម្ពស់ការយល់​ពីគ្នាទៅ​វិញ​ទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការ​គោរពគ្នាទៅ​វិញ​ទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និងការកសាងសមត្ថភាព ។ ទន្ទឹម​នេះ ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញទៅមក, ការជឿ​ទុក​ចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ដើម្បីសន្តិភាព និង វិបុលភាព គឺជាមូល​ដ្ឋានគ្រឹះដ៏សំខាន់។ សម្ដេចតេជោលើកឡើងថា កាលពីដប់ឆ្នាំមុន សម្ដេចបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែល គ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍ ។ តែនៅពេលនោះ គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមានឡើងវិញនៃ​សង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា ប៉ុន្តែ​បច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា កម្ពុជា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិល​ជាង​បីទសវត្សរ៍ មានបទពិសោធមួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុង​ការធ្វើឱ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និង កសាងប្រទេសជាតិនៅក្រោយ​សង្គ្រាម ។ ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោម​គោល​នយោបាយ ឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០ សម្ដេចចង់ធ្វើការសង្ខេបជា បីចំណុច នៅពេលនេះ គឺ ទីមួយៈ យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សាន​យោ​បាយ និង ការចរចាប្រកប ដោយបរិយាបន្ន ។ ទីពីរៈ យើងត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និង សុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់ ។ ទីបីៈ យើងត្រូវមានភាពម្ចាស់ការ ខណៈ​ដែល​កំពុងទទួលខុសត្រូវលើដំណើរការ សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិត​ជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង