ឧត្តមសេនីយ៍ទោ កឹង ឃន ទទួលអំណោយពីអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតកក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
TNM(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តបានអញ្ជើញជួបសំណេះសំណាល និងទទួលយក អង្ករ សម្ភារ និងថវិកាពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សម្ភារ និងថវិកា ដែលលោក សោម សុធាអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្ត រួមមាន ៖ អង្ករចំនួន០១តោន ម៉ាស០៣កេស ស្មើនឹង ៧,៥០០ម៉ាស់, អាល់កុល៩០លីត្រ និងថវិកា២លានរៀល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ដែលបាននាំយកសម្ភារ និងថវិកា មកឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្ត ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ ពិសេសគាំទ្រសកម្មភាពរបស់កងកម្លាំងនគរបាល ក្នុងការថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបានជូនពរដល់លោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ព្រមទាំងក្រុមការងារ និងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រកបអាជីវកម្ម រកទទួលទានមានបានគ្រប់ពេលវេលា និងជៀសផុតពីជំងឺឆ្លងកូវីដ-១៩៕