លោកជំទាវអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បង្ហាញថា នៅក្នុងរយៈពេល១៥ថ្ងៃ ក្នុងខែវិច្ឆិកានេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់ មានការកើនឡើងគួរឱ្យព្រួយបារម្ភ
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា បានមានប្រសាសន៍ នៅក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលធ្វើនៅខេត្ត សៀមរាប នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា បន្ទាប់ពី រាជរដ្ឋាភិបាល ទទួល ជោគជ័យក្នុងការគ្រប់គ្រងទប់ស្កាត់បាននូវការរីករាលដាលជំងឺកូវីដ-១៩ និងបានបើក ប្រទេសឡើងវិញ លើគ្រប់វិស័យតាំងពីខែតុលា ឆ្នាំ២០២១ មកនោះ ការធ្វើចរាចរណ៍ទូទាំង ប្រទេស ក៏ចាប់ផ្ដើមមានភាពមមាញឹកយ៉ាងខ្លាំង ហើយស្ថានភាពគ្រោះថ្នាក់ចរាចរណ៍រយៈ ពេល៩ខែ ដើមឆ្នាំ២០២២នេះ មានសភាពធ្ងន់ធ្ងរដែលមានចំនួនអ្នកស្លាប់ និងអ្នករបួស ដោយគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ គឺគ្រោះ ថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ ២៨៦លើក កើនឡើង២១ភាគរយ អ្នកស្លាប់ចំនួន ១ ៣៤២នាក់ កើនឡើង២៧ភាគរយ អ្នករបួសធ្ងន់ ២០០៤នាក់ កើន២៨ភាគរយ និងរបួសស្រា ល ២ ៣៩១នាក់ កើន១៤ភាគរយ។ បើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ គិតត្រឹមរយៈពេល១៥ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ មានអ្នកស្លាប់ចំនួន ៧០នាក់ បើធៀបនឹង១៥ថ្ងៃ នៃខែតុលា ឆ្នាំ២០២២នេះ ដែលមានត្រឹម៤៦នាក់ កើន២៤នាក់ ស្មើ៥២ភាគរយ ដែលចំនួនអ្នកស្លាប់ កើនឡើងគួរឱ្យព្រួយបារម្ភ។ លោកជំទាវបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឱ្យបាត់បង់ ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធ័ម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើន លើសង្គមកម្ពុជា និងសង្គមជាតិនានាទូទាំងពិភពលោក រួមទាំង ប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃការដឹកជញ្ជូន ដែលជាដង្ហើមរស់របស់ សេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ចគ្រួសារ។ ដូច្នេះហើយទើប អង្គការសហប្រជាជាតិបាន ផ្ដល់អនុសាសន៍ ឱ្យគ្រប់ប្រទេស ជាសមាជិកដាក់ចេញនូវផែនការទសវត្សរ៍ចរាចរណ៍លើកទី១ ពីឆ្នាំ២០១១ ដល់២០២០ ដោយតម្រូវឱ្យខិតខំកាត់បន្ថយយ៉ាងណាឱ្យបាន៥០ភាគរយ ដែល សម្រាប់កម្ពុជាគឺ ប្រមាណ ៧៣៥០នាក់ នៃចំនួនប៉ាន់ស្មានរួម១៤៧០០នាក់។ ប៉ុន្តែកម្ពុជា កាត់បន្ថយបានតែ ជាង៤៧២០នាក់ ស្មើនឹង៦៤ភាគរយ នៃ៥០ភាគរយ ប៉ុន្តែបើធៀបនឹង ចំនួនសរុបរួមគឺបានតែ ៣១ភាគរយតែប៉ុណ្ណោះ។ ដូចនេះលោកជំទាវបានសំណូមពរសុំឱ្យសិក្ខាកាមទាំងអស់ខិតខំត្រង់ត្រាប់ និងផ្លាស់ ប្តូរផ្ដល់យោបល់ ដកស្រង់យកចំណេះដឹងថ្មីៗដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានតាមផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ជាមួយនឹង ការបន្តជួយអប់រំផ្សព្វផ្សាយឱ្យអ្នកនៅជុំវិញខ្លួន ខិតខំប្រុងប្រយ័ត្នក្នុងការធ្វើដំណើរចៀស ផុតពីគ្រោះថ្នាក់ចរាចរណ៍។ លោក Weimin Ren ប្រធានផ្នែកដឹកជញ្ជូននៃ UNESCAP បានថ្លែងថា សុវត្ថិភាព ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចម្បងមួយសម្រាប់របស់យើង។ នៅក្នុងតំបន់របស់យើង ៩៧ភាគរយ នៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅក្នុងប្រទេសដែលមាន ប្រាក់ចំណូលមធ្យម ជាមួយនឹងអ្នកប្រើប្រាស់ផ្លូវដែលជាជនងាយរងគ្រោះ រួមមាន អ្នកជិះម៉ូតូ ថ្មើរជើង និងអ្នកជិះកង់ ដែលមានចំនួនច្រើនជាង ៥០ភាគរយ។ លោកសង្ឃឹមថា សិក្ខាសាលាពង្រឹងសមត្ថភាព ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅ កម្ពុជានាឱកាសនេះ នឹងផ្ដល់ឱកាសដើម្បីពិភាក្សាអំពីបញ្ហាសុវត្ថិភាពចរាចរណ៍ និងបញ្ហា ប្រឈមនានាក្នុងប្រទេសកម្ពុជា និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាក្នុងការអនុវត្ត ផែនការថ្នាក់តំបន់បន្ថែមទៀតនៅថ្នាក់ជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី