ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព
ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺនបំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ ក៏ដូចជាទិសដៅទស្សនវិស័យនៃដំណើរការកែទម្រង់ទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមអគ្គមេបញ្ជាការរង បាន គាំទ្រឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីនៅតាមបណ្តោយព្រំដែនបន្តសហការគ្នាឱ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់លើការការពារសុខភាព ខណៈដែលតំបន់មួយចំនួនមានធាតុឤកាសត្រជាក់នៅក្នុងរដូវកាលខែកត្តិកនេះ។ ឆ្លៀតនាឱកាសនោះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវ ការចូលរួមអបអរសាទរចំពោះការបិទបញ្ចប់វគ្គ និងសូមសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈនៃ “វគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ២០២២” ដែលពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងពង្រឹង និងពង្រីកសមត្ថភាពជំនាញជូនដល់យោធិន ស្របតាមផែនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់កងទ័ពជើងគោក។ មួយវិញទៀត សមិទ្ធផលក្នុងថ្ងៃនេះក៏បានបំពេញតម្រូវការលើការខ្វះខាតធនធានមនុស្សរបស់បណ្តាយោធភូមិភាគ និងស្ថាប័នជំនាញ ខណៈដែលការបំប៉នលើជំនាញទាំងនេះ ត្រូវបានអាក់ខានអស់រយៈពេល ០២ កន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ផ្អែកលើលទ្ធផលជាក់ស្តែងក្នុងថ្ងៃនេះ សូមថ្លែងអំណរគុណចំពោះការិយាល័យការពារព្រំដែន បញ្ជាការដ្ឋានកងទ័ពជើងគោក, គណៈគ្រប់គ្រងវគ្គ និងយោធាចារ្យ ព្រមទាំងសាលាពលទី៣ យោធភូមិភាគីទី៣ ដែលបានសហការ និងសម្របសម្រួលរៀបចំដំណើរការវគ្គហ្វឹកហ្វឺននេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានោះ ឯកឧត្តមអគ្គមេបញ្ជាការរង ក៏បានចូលចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ ជោគជ័យនេះ គឺកើតចេញពីឆន្ទៈចង់សិក្សារៀនសូត្រ និងការតស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ដោយនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ដែលនឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕ សម្រួលដោយ ទៀង បុណ្ណរី