សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Joe Biden​ ប្រធានាធិបតីសហរដ្ឋអាមេរិក

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីជាមួយ ឯកឧត្តម ចូ បៃដិន (Joe Biden)ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជំនួននេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងជំនួបកំពូលទ្វេភាគីនោះ បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ថ្លែងបានអ្នកសារព័ត៌មានថា ឯកឧត្តម ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
ឯកឧត្តម ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់ឯកឧត្តមផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឍភាពអាស៊ាន។ ឯកឧត្តម ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។
ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានជម្រាប ជូនឯកឧត្តម ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឲ្យប្រទេសអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោបានមានប្រសាសន៍ថាសហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ៕
អត្ថបទដែលជាប់ទាក់ទង