ឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន3នាក់ ដកហូតវត្ថុតាងបានដាវនិងម៉ូតូចំនួន3គ្រឿងតេស្តទឹកនោមមានសារធាតុញៀនវិជ្ជមាន

TNM(ខេត្តស្ទឹងត្រែង) កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែងធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើង បានចំនួន3នាក់បន្ថែមទៀត បន្ទាប់ពីមានក្រុមក្មេងទំនើងមួយក្រុមផ្សេង បានសកម្មភាពដេញកាប់គ្នានៅកណ្ដាលក្រុងស្ទឹងត្រែង បានធ្វើឲ្យបុរសម្នាក់បានរងរបួសធ្ងន់។ កម្លាំងសមត្ថកិច្ចអធិការក្រុងចាប់បានក្មេងទំនើងចំនួន3នាក់ខាងលើនោះ ស្ថិតនៅតាមទីសាធារណ:នៅចំណុចមុខសាលាខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី15 ខែមីនា ឆ្នាំ2021 ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង ។ប្រតិបត្តិការក្នុងការចុះបង្ក្រាបក្រុមក្មេងទំនើងខាងលើនេះ គឺមានការដឹកនាំដោយលោក សាយ កុសល អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងមួយក្រុមដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានមានបក្សពួកចំនួន 3 នាក់ ដែលកំពុងជួបជុំគ្នានៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែង នៅខណៈពេលបានចាប់ឃាត់ខ្លួននោះ ក៏បានដកហូតយកវត្ថុតាងមានដាវ01ដើម ម៉ូតូ03គ្រឿង (ម៉ាកExter) ដោយយកមកកាន់អធិដ្ឋានការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ដើម្បីសួរនាំបន្ត បន្ទាប់មកក៏បានឱ្យក្រុមក្មេងស្ទាវចាប់បានចំនួន 3 នាក់នេះឲ្យជំនាញធ្វើតេស្តទឹកនោមក៏បានរកឃើញមានសារធាតុញៀននៅក្នុងខ្លួនវិជ្ជមាន។សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងទំនើងទាំង3នាក់នោះ មានឈ្មោះទី1 ឈ្មោះ អុន សុភារិទ្ធ ភេទប្រុស អាយុ 20ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិ-ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង តេស្តទឹកនោមឃើញវិជ្ជមាន(+)
ទី2 ឈ្មោះ សឿន ពៅ ភេទប្រុស អាយុ16ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិភក់ ឃុំ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តេស្តទឹកនោមមានសារធាតុញៀន(+)។
នឹងទី3 ឈ្មោះ សេង សី ភេទប្រុស អាយុ17ឆ្នាំ មុខរបរ មិនប្រាកដ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង តេស្តទឹកនោមមានផ្ទុកសារធាតុញៀន(+) ។ នៅព្រឹកថ្ងៃទី17 ខែមីនា ឆ្នាំ2021នេះ ក្មេងទំនើងចំនួន 3 នាក់ខាងលើនោះ ត្រូវបានជំនាញ អធិការនគរបាលក្រុងស្ទឹងត្រែង រៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង