អ្នកជំនាញជាន់ខ្ពស់របស់ក្រសួងបរិស្ថាន និងមកពីសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ប្រទេសបារាំង ធ្វើការកំណត់អត្តសញ្ញាណប្រភេទកេសរកូលតាមបែបវិទ្យាសាស្រ្ត
ក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ប្រទេសបារាំង អ្នកជំនាញជាន់ខ្ពស់របស់សារៈមន្ទីរចំនួន២រូប រួមមានលោកស្រីសាស្ត្រាចារ្យបណ្ឌិត ហ៊ុល សុវណ្ណមោលី និងលោកសាស្ត្រាចារ្យបណ្ឌិត Denis Larpin បានមកបង្ហាត់ពីរបៀបប្រមូលសំណាកកេសរកូល ការរក្សាទុកសំណាក ការកំណត់អត្តសញ្ញាណប្រភេទកេសរកូល តាមបែបវិទ្យាសាស្រ្ត ដល់ក្រុមការងារកេសរកូលនៃក្រសួងបរិស្ថាន អ្នកសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកពាក់ព័ន្ធផងដែរ ចាប់ពីថ្ងៃទី ៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមរយៈកិច្ចសហការនេះ អ្នកជំនាញនៃសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ក៏នឹងបន្តជួយពិនិត្យ និងផ្តល់យោបល់បន្ថែមដល់ការរៀបចំសៀវភៅមគ្គទេសក៍បន្លែ និងឯកសារវិទ្យាសាស្រ្តសម្រាប់បោះពុម្ភផ្សព្វផ្សាយផ្សេងទៀត។
សូមជម្រាបផងដែរថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ នេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានធ្វើការប្រមូលនិងរក្សាពូជកេសរកូលព្រៃពីគ្រប់ រាជធានី ខេត្ត ជាពិសេសមកពីខេត្តព្រះសីហនុ កោះកុង កំពត សៀមរាប និងមណ្ឌលគិរី បានចំនួនប្រមាណ៥០០០សំណាក ស្មើនឹង ២១០ប្រភេទ និងបានកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន១១៤ប្រភេទ។ ក្នុងនោះដែរមជ្ឈមណ្ឌលបានបញ្ជូនសំណាកចំនួន ២៣ប្រភេទ ទៅសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ដើម្បីកំណត់អត្តសញ្ញាណ និងកត់ត្រាក្នុងកំណត់ត្រាអន្តរជាតិ៕សម្រួលដោយ ទៀង បុណ្ណរី