សម្តេចតេជោហ៊ុនសែននិងឯកឧត្តម ផាន់ខាំ វិផាវ៉ាន់ ឯកភាពគ្នាជំរុញកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត
បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី នៃប្រទេសហ្វីលីពី នហើយនោះ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញជួប ពិភាក្សាការងារជាបន្តទៀតជាមួយឯកឧត្តម ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន បានមាន ប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបឱ្យដឹងថា នៅក្នុងជំនួប សម្ដេចតេជោ និងឯកឧត្តម វិផាវ៉ាន់ បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងលើបញ្ហាអាស៊ានផង ។ក្នុងនេះ សម្ដេចតេជោ និងឯកឧត្តម វិផាវ៉ាន់ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ហើយបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ថាមពល និងការតភ្ជាប់ ដែលជាកត្តាជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងអាស៊ាន សម្ដេចតេជោ និងឯកឧត្តម វិផាវ៉ាន់ បានឯកភាពគ្នាថា នឹងបន្តសហការគ្នា ដើម្បីរក្សាសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ៕សម្រួលដោយ ទៀង បុណ្ណរី